National
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសាលាដូងបន្តរក្សាសកម្មភាពដដែល ព្រមទាំងឧបត្ថម្ភ ៥លានរៀល និងអង្ករ ១តោនក្នុងមួយខែ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យផ្អាកការអនុវត្តការរុះរើទីតាំងមួយចំនួនពាក់ព័ន្ធនឹងសាលាដូង នៅលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ដោយរក្សាស្ថានភាពដដែល និងអនុញ្ញាតឱ្យសាលាបន្តដំណើរការសកម្មភាពបណ្តុះបណ្តាលសិស្សនៅទីនោះ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសម្ដេចធិបតីបានជួបលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង និងបានស្តាប់ពីប្រវត្តិ ព្រមទាំងសកម្មភាពរបស់សាលាកន្លងមក។ នេះបើយោងតាមការបង្ហោះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គម។
តាមការបង្ហោះដដែល សម្ដេចធិបតីបានបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ និងរក្សាស្ថានភាពដដែល។ ជាមួយគ្នានេះ សម្ដេចធិបតីបានប្រគល់ភារកិច្ចដល់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ឱ្យចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅទីតាំង ដើម្បីរៀបចំដំណោះស្រាយសមស្រប និងមានចីរភាព ដែលអាចធានាឱ្យសាលាដូងបន្តសកម្មភាពបណ្តុះបណ្តាលរបស់ខ្លួន។
សម្ដេចធិបតីក៏បានឱ្យពិនិត្យស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគិរីរម្យផងដែរ ដោយសាលានេះត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការផ្តល់ការអប់រំដល់កុមារដែលរស់នៅលើភ្នំគិរីរម្យ។ តាមការលើកឡើងរបស់សម្ដេចធិបតី សាលាដូងដែលដឹកនាំដោយលោក អ៊ុក វណ្ណដេ និងមានការចូលរួមពីគ្រូស្ម័គ្រចិត្ត បានចូលរួមលើកកម្ពស់ចំណេះដឹង និងបំណិនដល់កុមារជាង១៥០នាក់នៅក្នុងភូមិ។
ដើម្បីជួយសម្រាលបន្ទុកដល់សាលាដូង សម្ដេចធិបតី ហ៊ុន ម៉ាណែត និងភរិយា បានសម្រេចផ្តល់ការឧបត្ថម្ភជាប្រចាំចំនួន ៥លានរៀល និងអង្ករ ១តោនក្នុងមួយខែ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៦ តទៅ។ សម្ដេចធិបតីក៏បានសម្តែងការកោតសរសើរចំពោះទឹកចិត្ត ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់លោក អ៊ុក វណ្ណដេ និងក្រុមគ្រូស្ម័គ្រចិត្ត ក្នុងការបន្តផ្តល់ការអប់រំ និងបណ្តុះបណ្តាលបំណិនដល់កុមារនៅតំបន់គិរីរម្យ។
ប្រភព៖ ផ្សាយផ្ទាល់ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១
https://www.facebook.com/share/p/198sSDrpzA/?mibextid=wwXIfr
រាយការណ៍ដោយ ៖ The Khmer Today


