International
ថៃបដិសេធព័ត៌មានថា ប្រទេសខ្លួនបានចុះបញ្ជី «យ៉ាបា» ជាបេតិកភណ្ឌពិភពលោក UNESCO

ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៖ ប្រទេសថៃបានច្រានចោលព័ត៌មានដែលកំពុងផ្សព្វផ្សាយតាមបណ្តាញសង្គមថា ប្រទេសខ្លួនបានចុះបញ្ជី «យ៉ាបា» ឬមេតំហ្វេតាមីន (Methamphetamine) ជាបេតិកភណ្ឌពិភពលោកជាមួយអង្គការយូណេស្កូ (UNESCO) ដោយបញ្ជាក់ថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ និងការបញ្ជាក់របស់មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយថៃ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយថៃ ដែលស្ថិតក្រោមក្រសួងឌីជីថលសម្រាប់សេដ្ឋកិច្ច និងសង្គម បានឱ្យដឹងថា ករណីនេះត្រូវបានផ្ទៀងផ្ទាត់ជាមួយ ការិយាល័យគណៈកម្មការបង្ការ និងបង្ក្រាបគ្រឿងញៀន (ONCB) ក្រោមក្រសួងយុត្តិធម៌ថៃ។ តាមការបញ្ជាក់ «យ៉ាបា» គឺជាគ្រឿងញៀនខុសច្បាប់ និងជាសារធាតុញៀនដែលមានទោសតាមច្បាប់ ដូច្នេះមិនអាចយកទៅចុះបញ្ជីជាបេតិកភណ្ឌពិភពលោកបានឡើយ។
ប្រភពដដែលបានបញ្ជាក់ថា ព័ត៌មាននេះកើតចេញពីការបង្កើតខ្លឹមសារឡើង ហើយមានសញ្ញាមួយចំនួនបង្ហាញថា ខ្លឹមសារត្រូវបានបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ទន្ទឹមនឹងនេះ ការបង្ហោះក៏បានភ្ជាប់ស្លាក #Satire ដែលសំដៅលើខ្លឹមសារបែបចំអក ឬការប្រើការបំភ្លៃដើម្បីបញ្ចេញមតិ។ អាជ្ញាធរថៃបានព្រមានថា ខ្លឹមសារបែបនេះអាចបង្កការយល់ច្រឡំដល់សាធារណជន ប្រសិនបើអ្នកអានមិនបានពិនិត្យព័ត៌មានទាំងមូល ឬមិនបានសម្គាល់ស្លាកបញ្ជាក់ថា ជាខ្លឹមសារបង្កើតដោយ AI។
ជាមួយគ្នានេះ កំណត់ត្រារបស់ UNESCO World Heritage Centre មិនមាន «យ៉ាបា» ឬមេតំហ្វេតាមីន នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ប្រទេសថៃនោះទេ។ ដូច្នេះ ការអះអាងថា ប្រទេសថៃបានចុះបញ្ជី «យ៉ាបា» ជាបេតិកភណ្ឌពិភពលោក UNESCO មិនមានមូលដ្ឋានតាមកំណត់ត្រាផ្លូវការដែលអាចផ្ទៀងផ្ទាត់បានឡើយ។
មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយថៃបានអំពាវនាវឱ្យសាធារណជនពិនិត្យប្រភព និងបរិបទឱ្យបានច្បាស់លាស់ មុននឹងចែករំលែកព័ត៌មានដែលមានលក្ខណៈបែបនេះ។
ប្រភព៖ PPTVHD36
https://www.pptvhd36.com/news/%E0%B8%AA%E0%B8%B1%E0%B8%87%E0%B8%84%E0%B8%A1/281743
matichon.
https://www.matichon.co.th/local/news_5852205
រាយការណ៍ដោយ៖ The Khmer Today


