International

August 20, 2026 at 2:22 PM
Melea_Sovannary

ទឹកជំនន់នៅខេត្តណាន ប្រទេសថៃ សម្លាប់មនុស្ស ២នាក់ ខណៈពលរដ្ឋជាង១៦ម៉ឺននាក់ រងផលប៉ះពាល់

ទឹកជំនន់នៅខេត្តណាន ប្រទេសថៃ សម្លាប់មនុស្ស ២នាក់ ខណៈពលរដ្ឋជាង១៦ម៉ឺននាក់ រងផលប៉ះពាល់

ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦៖ ទឹកជំនន់ និងទឹកព្រៃហូរចុះយ៉ាងគំហុកនៅខេត្តណាន ភាគខាងជើងប្រទេសថៃ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ១៦ម៉ឺននាក់ ក្នុង ៨,០០០គ្រួសារ ខណៈអាជ្ញាធរបានបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដ៏ធំនេះ ដែលកំពុងហូរចុះទៅតំបន់ទំនាប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai TBS និងសេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តណាន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះទី១ ជាអ្នកជំងឺដេកលើគ្រែ និងមិនអាចជួយខ្លួនឯងបាន ដែលរស់នៅជាមួយម្តាយក្នុងឃុំសិលាផេត ស្រុកប៉ួ ហើយត្រូវបានទឹកព្រៃហូរខ្លាំងបោកចេញពីផ្ទះរហូតបាត់បង់ជីវិត។ ជនរងគ្រោះទី២ ជាបុរសអាយុប្រមាណ ៤៥-៥០ឆ្នាំ ត្រូវបានក្រុមសង្គ្រោះរកឃើញសាកសពនៅក្នុងឃុំប៉ាខា ស្រុកថាវ៉ាងផា។ ទន្ទឹមនេះ ទឹកជំនន់បានប៉ះពាល់ដល់ ៧ឃុំ និង ៦០ភូមិនៅស្រុកប៉ួ។

ទឹកជំនន់បានបង្កការខូចខាត និងរាំងខ្ទប់ការធ្វើដំណើរតាមផ្លូវមួយចំនួន ។ មានសេចក្តីរាយការណ៍ថា ស្ពានមួយត្រូវបានទឹកបំផ្លាញ រហូតរថយន្តគ្រប់ប្រភេទមិនអាចឆ្លងកាត់បាន។ តំបន់មួយចំនួនក៏មានការបាក់ដី និងដើមឈើរលំរាំងផ្លូវ ខណៈអាជ្ញាធរបានបញ្ជូនទូក ឧបករណ៍សង្គ្រោះ និងកម្លាំងចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ជាមួយគ្នានេះ អាជ្ញាធរខេត្តណានបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ទាប និងតាមដងទន្លេណានបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកជំនន់ដ៏ធំពីតំបន់ខាងលើ កំពុងហូរចុះទៅតំបន់ក្រុងណាន និងស្រុកវៀងសា។ តាមការព្យាករណ៍ដែលបានចុះផ្សាយដោយសារព័ត៌មាន Thai PBS ទឹកជំនន់អាចបន្តបង្កផលប៉ះពាល់នៅថ្ងៃទី២០-២១ ខែសីហា ខណៈភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថានឹងបន្តធ្លាក់នៅតំបន់ភាគខាងជើងមួយចំនួន។

អាជ្ញាធរថៃក៏បានព្រមានប្រជាពលរដ្ឋនៅខេត្តចំនួន១៥ ក្នុងតំបន់ភាគខាងជើង និងកណ្តាល ឱ្យតាមដានហានិភ័យទឹកព្រៃហូរចុះ និងការបាក់ដីចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា។ ការិយាល័យធនធានទឹកជាតិថៃបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅខេត្តណាន បណ្ដាលមកពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងរបាំងមូសុង ដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យទឹកធ្លាក់ចេញពីព្រៃហូរចុះយ៉ាងលឿន។

ប្រភព៖ Thai TBS

https://www.thaipbs.or.th/news/content/509623

https://www.thaipbs.or.th/news/content/509641

BBC News Thai

https://www.bbc.com/thai/articles/cqx7n8z7yxdo

Nation TV

https://www.nationtv.tv/news/current-issue/378981959

រាយការណ៍ដោយ៖ The Khemr Today

រូបភាពពី:  Nation Tv  https://www.nationtv.tv/news/current-issue/378981959