International
វៀតណាមបញ្ចូលការអប់រំ AI ទៅក្នុងសាលារៀនទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សាថ្មី ២០២៦-២០២៧

ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦៖ វៀតណាមនឹងដាក់អនុវត្តការអប់រំអំពីបញ្ញាសិប្បនិម្មិត (AI) ជាទូទៅនៅតាមគ្រឹះស្ថានអប់រំទូទៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VietNamNet និងសេចក្តីប្រកាសផ្លូវការរបស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានចេញសេចក្តីសម្រេច ស្តីពីក្របខណ្ឌមាតិកាអប់រំ AI សម្រាប់សិស្សសាលាទូទៅ និងសេចក្តីណែនាំសម្រាប់ការអនុវត្តចាប់ពីឆ្នាំសិក្សាថ្មី។
តាមក្របខណ្ឌថ្មី ការអប់រំ AI មានពីរផ្នែក គឺ មាតិកាស្នូល និងមាតិកាបន្ថែម។ មាតិកាស្នូលមានរយៈពេល ១២ ម៉ោងសិក្សា ក្នុងមួយថ្នាក់ក្នុងមួយឆ្នាំសិក្សា ដើម្បីផ្តល់ឱ្យសិស្សនូវចំណេះដឹងមូលដ្ឋាន ជំនាញប្រើប្រាស់ AI និងសមត្ថភាពយល់ដឹងពីតួនាទីរបស់ AI ក្នុងការសិក្សា និងជីវិតប្រចាំថ្ងៃ។ ចំណែកមាតិកាបន្ថែម សាលារៀនអាចកំណត់ពេលវេលា និងប្រធានបទដោយផ្អែកលើតម្រូវការ សមត្ថភាពសិស្ស និងលក្ខខណ្ឌជាក់ស្តែងរបស់សាលា។
ការអនុវត្តនេះមិនតម្រូវឱ្យសាលារៀនទាំងអស់បង្កើតមុខវិជ្ជា AI ដាច់ដោយឡែកនោះទេ។ សាលាអាចជ្រើសរើសការអនុវត្តតាមរយៈការរៀបចំជាប្រធានបទអប់រំ AI ការបញ្ចូលមាតិកា AI ទៅក្នុងមុខវិជ្ជា និងសកម្មភាពអប់រំផ្សេងៗ ឬរៀបចំកម្មវិធីបន្ថែម ដូចជា ក្លឹប សិក្ខាសាលា និងសកម្មភាពក្រៅម៉ោង។ ក្នុងនោះ ការរៀបចំជាប្រធានបទអប់រំ AI គឺជារបៀបមួយដែលត្រូវធានាឱ្យសិស្សទទួលបានមាតិកាស្នូលតាមក្របខណ្ឌកំណត់។
ជាមួយគ្នានេះ អាជ្ញាធរអប់រំវៀតណាមក៏កំណត់ឱ្យការអប់រំ AI ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព សីលធម៌ និងការទទួលខុសត្រូវ ដោយសាលារៀនត្រូវពិនិត្យឧបករណ៍ AI ឱ្យសមស្របតាមអាយុសិស្ស និងគោរពបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន កម្មសិទ្ធិបញ្ញា និងសុវត្ថិភាពព័ត៌មាន។ ក្រសួងក៏ណែនាំឱ្យធានាឱកាសចូលប្រើការអប់រំ AI សម្រាប់សិស្សគ្រប់រូប រួមទាំងសិស្សនៅតំបន់ដាច់ស្រយាល និងតំបន់ដែលមានលក្ខខណ្ឌសេដ្ឋកិច្ច-សង្គមលំបាក ដោយមិនបង្កើនបន្ទុកដល់កម្មវិធីសិក្សាដែលមានស្រាប់។
ប្រភព៖ Vietnamnet
https://vietnamnet.vn/tat-ca-hoc-sinh-pho-thong-se-hoc-ai-nam-hoc-2026-2027-2547408.html
រាយការណ៍ដោយ៖ The Khmer Today


