National

August 24, 2026 at 10:30 AM
Melea_Sovannary

ឯកឧត្តម នេត្រ ភក្ត្រា៖ ថៃមិនអាចលាក់ភស្តុតាងបានឡើយ ខណៈអាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ

ឯកឧត្តម នេត្រ ភក្ត្រា៖ ថៃមិនអាចលាក់ភស្តុតាងបានឡើយ ខណៈអាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ថៃមិនអាចលាក់បាំងភស្តុតាងនៃសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការឈ្លានពាននៅតាមព្រំដែនបានឡើយ ខណៈអាស៊ាន អង្គការសហប្រជាជាតិ តំណាងការទូតបរទេស និងសហគមន៍អន្តរជាតិ កំពុងតាមដាន សង្កេត និងផ្ទៀងផ្ទាត់ស្ថានភាពនៅលើដី។ យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនឯកឧត្តម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ទូកុងតឺន័រ របាំង លួសបន្លា និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន គឺជាអង្គហេតុដែលអាចមើលឃើញ កត់ត្រា និងផ្ទៀងផ្ទាត់បាន។

តាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដែលដឹកនាំដោយប្រធានបេសកកម្មពីប្រទេសហ្វីលីពីន បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានចុះដល់តំបន់ព្រំដែនកម្ពុជា–ថៃ ដើម្បីសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង។ នៅតំបន់ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ AOT-KH បានពិនិត្យ ១៤ទីតាំង ដែលមានទូកុងតឺន័រ ៤៤ទូ ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ៧,៨៧៣នាក់ ស្មើនឹង ១,៨៦៩គ្រួសារ ក្នុងនោះមានកុមារ ១,៨៤៧នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន។

រូបភាពពីក្រសួងការពារជាតិ
រូបភាពពីក្រសួងការពារជាតិ

ចំណែកនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រុមអ្នកសង្កេតការណ៍បានពិនិត្យ ១០ទីតាំង ដែលមានទូកុងតឺន័រ ៧២ទូ និងប្រជាពលរដ្ឋ ៥,៣៨៦នាក់ ស្មើនឹង ១,៤៤៩គ្រួសារ ក្នុងនោះមានកុមារ ១,៥៦៩នាក់ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន។

ឯកឧត្តមបានបញ្ជាក់ថា បើបូកបញ្ចូលស្ថានភាពនៅទីតាំងទាំង៣ ក្នុងខេត្តបន្ទាយមានជ័យ មានទូកុងតឺន័រសរុប ១១៦ទូ នៅ២៤ទីតាំង និងប្រជាពលរដ្ឋកម្ពុជាចំនួន ១៣,២៥៩នាក់ ស្មើនឹង ៣,៣១៨គ្រួសារ ក្នុងនោះមានកុមារ ៣,៤១៦នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។ ឯកឧត្តមបានលើកឡើងថា តួលេខនេះមិនទាន់រាប់បញ្ចូលជនភៀសសឹក និងស្ថានភាពនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់នៅឡើយទេ។

ជាមួយគ្នានេះ តំណាងការទូតបរទេស និងលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏បានសង្កេតឃើញរបាំង ទូកុងតឺន័រ លួសបន្លា និងផលប៉ះពាល់លើប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការបដិសេធមិនអាចលុបបំបាត់អង្គហេតុបានឡើយ ហើយការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគី ក៏មិនអាចបង្កើតភាពស្របច្បាប់លើអធិបតេយ្យភាពបានដែរ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC និងច្បាប់អន្តរជាតិ ព្រមទាំងទាមទារឱ្យប្រជាពលរដ្ឋស៊ីវិលអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមការឯកភាពក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមបានបន្ថែមថា បទឈប់បាញ់មិនមែនជាអាជ្ញាបណ្ណសម្រាប់បង្កើតស្ថានភាពថ្មីនៅលើដីទេ ហើយសន្តិភាពពិតប្រាកដត្រូវមានន័យថា ប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ប្រភព៖ Net Pheaktra

https://www.facebook.com/share/p/18LUicpBq9/?mibextid=wwXIfr

ក្រសួងការពារជាតិ

https://www.facebook.com/share/p/1DH5rjV1GX/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពីក្រសួងការពារជាតិ
រូបភាពពីក្រសួងការពារជាតិ
រូបភាពពីក្រសួងការពារជាតិ
រូបភាពពីក្រសួងការពារជាតិ
រូបភាពពីក្រសួងការពារជាតិ
រូបភាពពីក្រសួងការពារជាតិ