International
នាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln ត្រៀមចូលចតនៅថៃ ក្រោយជាប់ប្រតិបត្តិការនៅមជ្ឈិមបូព៌ាជាង ២០០ថ្ងៃ

ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ នាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln របស់សហរដ្ឋអាមេរិក គ្រោងនឹងចូលចតនៅប្រទេសថៃនៅសប្តាហ៍ក្រោយ បន្ទាប់ពីបំពេញប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា និងនៅលើសមុទ្រជាប់គ្នាអស់រយៈពេលជាង ២០០ថ្ងៃ។ យោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នាវានេះបានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍ ហើយការឈប់នៅប្រទេសថៃមានគោលបំណងឱ្យកងទ័ព និងនាវិកសម្រាក ស្តារកម្លាំង និងទទួលការផ្គត់ផ្គង់ផ្នែកភស្តុភារ បន្ទាប់ពីបំពេញបេសកកម្មដ៏យូរ។
USS Abraham Lincoln ដែលមាននាវិក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមូលដ្ឋានកំណើតនៅទីក្រុង San Diego របស់សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ មុនពេលត្រូវបានបង្វែរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ Reuters រាយការណ៍ថា នាវានេះមិនបានចូលចតកំពង់ផែអស់រយៈពេលជាង ២០០ថ្ងៃ ដែលត្រូវបានមន្ត្រីអាមេរិកមួយចំនួនចាត់ទុកថា ជារយៈពេលនៅលើសមុទ្រដ៏យូរមួយក្នុងសម័យទំនើប។
កងទ័ពជើងទឹកថៃបានបញ្ជាក់ថា ក្រុមនាវាចម្បាំងផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ដែលមាននាវាចំនួន៣គ្រឿង នឹងធ្វើដំណើរចូលចតរយៈពេលខ្លីនៅតំបន់ភាគខាងកើតប្រទេសថៃ។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីទោ ប៉ារ៉ាច រ៉ាត់តាណាឆៃផាន់ បានបញ្ជាក់ថា នេះជាការចូលចតកំពង់ផែជាប្រចាំ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ដើម្បីឱ្យកងទ័ពអាមេរិកសម្រាក ស្តារកម្លាំង បំពេញសម្ភារៈ និងទទួលសេវាកម្មចាំបាច់។ ថៃបានសង្កត់ធ្ងន់ថា មិនមានសមយុទ្ធយោធា ឬប្រតិបត្តិការរួមជាមួយកងទ័ពថៃឡើយ ហើយការចូលចតនេះមិនពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសណាមួយនោះទេ។
ការចូលចតនៅថៃកើតឡើងក្រោយមានសេចក្តីរាយការណ៍ពីសារព័ត៌មានយោធាអាមេរិកមួយចំនួន អំពីការធ្លាក់ចុះនៃសីលធម៌ និងក្តីបារម្ភអំពីសុខភាពផ្លូវចិត្តរបស់កងទ័ពនៅលើនាវា បន្ទាប់ពីការបំពេញបេសកកម្មដ៏យូរ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបដិសេធការរាយការណ៍មួយចំនួន ដោយអះអាងថា ស្ថានភាពនៅលើនាវាត្រូវបានបង្ហាញមិនត្រឹមត្រូវ។ ទន្ទឹមនឹងនេះ សារព័ត៌មាន El País រាយការណ៍ថា ការធ្វើដំណើររបស់នាវានេះទៅកាន់ថៃ គឺជាការឈប់សម្រាកមុនពេលបន្តដំណើរត្រឡប់ទៅមូលដ្ឋាននៅ San Diego។
ប្រភព៖ Khaosod English
Reuters
EL Phai50
រាយការណ៍ដោយ៖ The Khmer Today


