International

August 26, 2026 at 12:51 PM
Melea_Sovannary

ក្រសួងវប្បធម៌ថៃ ជំរុញការចុះបញ្ជី «ល្ខោនស្បែកធំ» ជាមួយ UNESCO ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌

ក្រសួងវប្បធម៌ថៃ ជំរុញការចុះបញ្ជី «ល្ខោនស្បែកធំ» ជាមួយ UNESCO ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌

ភ្នំពេញ៖ ក្រសួងវប្បធម៌ថៃ កំពុងជំរុញការចុះបញ្ជី «ល្ខោនស្បែកធំ» ជាមួយអង្គការយូណេស្កូ (UNESCO) ក្នុងប្រភេទ «ការអនុវត្តល្អសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី» ដោយផ្តោតលើការចូលរួមរបស់សហគមន៍ក្នុងការអភិរក្ស ស្តារ និងបន្តបញ្ជូនចំណេះដឹងទៅកាន់មនុស្សជំនាន់ក្រោយ។ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី សាប៊ីដា ថៃសេត បានចុះទៅវត្តខណន់ ក្នុងខេត្តរាជបុរី ដើម្បីតាមដានការជំរុញសិល្បៈនេះទៅកាន់ UNESCO។

តាមក្រសួងវប្បធម៌ថៃ «ល្ខោនស្បែកធំ» ជាសិល្បៈសម្តែងបុរាណដែលរួមបញ្ចូលសិល្បៈជាច្រើនផ្នែក ដូចជា ការឆ្លាក់ស្បែក គំនូរ របាំ និងតន្ត្រីប្រពៃណី។ វត្តខណន់ ក្នុងខេត្តរាជបុរី ដែលជាសហគមន៍សំខាន់មួយក្នុងការអភិរក្សសិល្បៈនេះ នៅរក្សាទុកស្បែកធំដែលមានសភាពល្អជាង៣០០ផ្ទាំង ហើយសហគមន៍នេះក៏ធ្លាប់ទទួលការទទួលស្គាល់ពីមជ្ឈមណ្ឌលវប្បធម៌អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ UNESCO ក្នុងឆ្នាំ២០០៧ ចំពោះការអភិរក្ស និងស្តារបេតិកភណ្ឌវប្បធម៌អរូបី។

ដោយឡែក សម្រាប់កម្ពុជា សិល្បៈល្ខោនស្រមោលស្បែកធំ មានប្រវត្តិ និងអាយុកាលយូរលង់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ហើយបានទទួលការទទួលស្គាល់ជាផ្លូវការពី UNESCO រួចមកហើយ។ UNESCO បានចុះបញ្ចូល «ល្ខោនស្រមោលស្បែកធំ» របស់កម្ពុជា ក្នុង បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិចំពោះតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈរបស់កម្ពុជា។

ល្ខោនស្រមោលស្បែកធំកម្ពុជា គឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ដែលបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ តាមរយៈការឆ្លាក់រូបលើស្បែក ការបញ្ចាំងស្រមោល ការសម្តែង របាំ ការច្រៀង និងការប្រគំតន្ត្រី។ ការដែលកម្ពុជាបានចុះបញ្ជីសិល្បៈនេះជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ ខណៈថៃកំពុងជំរុញសំណើរបស់ខ្លួនទៅកាន់ UNESCO ដើម្បីថែរក្សា និងលើកកម្ពស់ការយល់ដឹងអំពីសិល្បៈ «ល្ខោនស្បែកធំ» របស់ខ្លួន។

ប្រភព៖ The Standard

https://thestandard.co/sabida-nang-yai-unesco/

Siamrath

https://siamrath.co.th/regional/culture-tradition/169923

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី :The Standard
រូបភាពពី :The Standard
រូបភាពពី :The Standard
រូបភាពពី :The Standard
រូបភាពពី :The Standard
រូបភាពពី :The Standard