National

August 26, 2026 at 1:10 PM
Melea_Sovannary

កម្ពុជាចាត់ទុកការចូលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ នៅតំបន់អានសេះ ជាការចូលក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត

កម្ពុជាចាត់ទុកការចូលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ នៅតំបន់អានសេះ ជាការចូលក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត

ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងម៉ឺងម៉ាត់ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយចាត់ទុកថា នេះជាការចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជាដោយគ្មានការអនុញ្ញាត។ ការតវ៉ានេះត្រូវបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះជាសកម្មភាពដែលកម្ពុជាចាត់ទុកថា មានចេតនាអះអាងការទាមទារលើដែនដីអធិបតេយ្យរបស់កម្ពុជា ខណៈតំបន់នេះកំពុងស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃចាប់តាំងពីឆ្នាំមុន។ កម្ពុជាបានសង្កត់ធ្ងន់ថា យោធាថៃមិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីកម្ពុជាបានឡើយ ហើយការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ក៏មិនអាចធ្វើឱ្យការកាន់កាប់ខុសច្បាប់ ក្លាយជាស្របច្បាប់បានដែរ។ កម្ពុជាក៏បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីដែលធ្វើឡើងដោយឯកតោភាគីពីភាគីថៃឡើយ។

រាជរដ្ឋាភិបាលកម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅតំបន់អានសេះ និងតំបន់ផ្សេងទៀតតាមព្រំដែនដែលកម្ពុជាចាត់ទុកថាកំពុងមានការកាន់កាប់ដោយខុសច្បាប់ ព្រមទាំងអំពាវនាវឱ្យភាគីទាំងពីរបន្តកាត់បន្ថយភាពតានតឹង និងជំរុញការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ កម្ពុជាបានបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ។

ប្រភព៖ ក្រសួងការបរទេស

https://www.facebook.com/share/p/1HjtYZh44V/

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី : PRD
រូបភាពពី : PRD
រូបភាពពី : PRD
រូបភាពពី : PRD
រូបភាពពី : PRD
រូបភាពពី : PRD