International
ទឹកជំនន់ដ៏ធំនៅព្រំដែននេប៉ាល់-ទីបេ សម្លាប់មនស្ស ១៥៧នាក់ ខណៈអ្នកទេសចរជាង៤០០នាក់បាត់ខ្លួន

ភ្នំពេញ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ — ទឹកជំនន់ភ្លាមៗដ៏ធ្ងន់ធ្ងរ បានវាយប្រហារតំបន់ព្រំដែននេប៉ាល់ និងតំបន់ទីបេរបស់ចិន កាលពីថ្ងៃទី២៦ ខែសីហា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៥៧នាក់ស្លាប់ ខណៈមនុស្សរាប់រយនាក់ទៀតបាត់ខ្លួន រួមទាំងអ្នកទេសចរបរទេសជាច្រើន។ បើតាមការចុះផ្សាយចុងក្រោយរបស់ សារព័ត៌មាន The Guardian និង Reuters អាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា សាកសព១៥៧នាក់ត្រូវបានរកឃើញ ខណៈអ្នកធ្វើដំណើរ៣៨៤នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន ក្នុងនោះ៣៤១នាក់ជាជនបរទេស។ គ្រោះមហន្តរាយនេះបានបំផ្លាញផ្ទះសម្បែង ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើននៅតំបន់ភ្នំនៃនេប៉ាល់។
តាមការរាយការណ៍របស់ The Guardian និង Reuters ការបាក់រលំទឹកកក និងថ្មដ៏ធំបានបង្កើតជាលំហូរភក់ ទឹក និងកម្ទេចកម្ទីយ៉ាងខ្លាំង ចុះតាមទន្លេ និងវាយប្រហារតំបន់រស់នៅនៅខាងនេប៉ាល់។ ការវិភាគដំបូងរបស់អ្នកជំនាញបង្ហាញថា ការរញ្ជួយដីកម្រិត៤.៤រ៉ិចទ័រ ដែលត្រូវបានកត់ត្រាមុនពេលគ្រោះមហន្តរាយ អាចធ្វើឱ្យផ្នែកខាងក្រោមនៃផ្ទាំងទឹកកករលំ ប៉ុន្តែការវិភាគបន្ថែមរបស់ USGS បានបង្ហាញថា សញ្ញារញ្ជួយដែលបានកត់ត្រា គឺបណ្តាលមកពីការបាក់រលំរបស់ទឹកកក និងថ្មផ្ទាល់។ តំបន់ដែលរងគ្រោះធ្ងន់ រួមមានស្រុក Rasuwa និងតំបន់ជុំវិញ Syapru Besi និង Timure ដែលក្រុមជួយសង្គ្រោះកំពុងជួបការលំបាក ដោយសារផ្លូវ និងស្ពានត្រូវបានបំផ្លាញ ហើយទឹកទន្លេនៅតែហូរខ្លាំង។ The Guardian ក៏បានរាយការណ៍ថា អាជ្ញាធរនេប៉ាល់បានដាក់ពង្រាយប៉ូលិសជាង៣,៣០០នាក់ ខណៈក្រុមសង្គ្រោះនៅខាងចិនមានចំនួន៥៧៤នាក់ ដើម្បីស្វែងរកអ្នកបាត់ខ្លួន និងជួយសង្គ្រោះអ្នករងគ្រោះ។
ចំណែកអ្នកទេសចរ និងអ្នកធ្វើធម្មយាត្រាដែលបាត់ខ្លួន ភាគច្រើនស្ថិតនៅតាមផ្លូវទៅកាន់ Kailash Manasarovar (កៃឡាស ម៉ាណាសារ៉ូវ៉ារ) ដែលជាទីសក្ការៈសំខាន់មួយនៅតំបន់ទីបេ។ ក្នុងចំណោមអ្នកបាត់ខ្លួន មានជនជាតិឥណ្ឌា អាមេរិក អូស្ត្រាលី អង់គ្លេស កូរ៉េខាងត្បូង និងជនជាតិផ្សេងទៀត។ នៅខាងចិនវិញ ការបាក់ដីបានប៉ះពាល់ដល់ច្រកព្រំដែន Gyirong (ជីរ៉ុង) ដោយបណ្តាញផ្លូវ ទំនាក់ទំនង និងអគ្គិសនីត្រូវបានកាត់ផ្តាច់ ហើយអាជ្ញាធរចិនបានរាយការណ៍ថា មានមនុស្ស៣នាក់ស្លាប់ និង២៦៥នាក់បាត់ខ្លួន។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ ឥណ្ឌា ចិន និងប្រទេសមួយចំនួនទៀត កំពុងចល័តជំនួយ និងសម្របសម្រួលកិច្ចការសង្គ្រោះ ខណៈអាជ្ញាធរនេប៉ាល់ព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែម ដោយសារតំបន់រងគ្រោះមួយចំនួននៅមិនទាន់អាចចូលទៅដល់បាន។
ប្រភព៖ Reuters
The Guardian
រាយការណ៍ដោយ៖ The Khmer Today


