International

August 27, 2026 at 2:01 PM
Melea_Sovannary

សភាថៃអនុម័តកម្ចីប្រាក់ ៤០០ពាន់លានបាត ដើម្បីដោះស្រាយវិបត្តិថាមពល និងស្តារសេដ្ឋកិច្ចក្នុងប្រទេស

សភាថៃអនុម័តកម្ចីប្រាក់ ៤០០ពាន់លានបាត ដើម្បីដោះស្រាយវិបត្តិថាមពល និងស្តារសេដ្ឋកិច្ចក្នុងប្រទេស

ភ្នំពេញ៖ សភាតំណាងរាស្ត្រថៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុម័តព្រះរាជក្រឹត្យផ្តល់សិទ្ធិឱ្យក្រសួងហិរញ្ញវត្ថុខ្ចីប្រាក់ចំនួន ៤០០ពាន់លានបាត ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិថាមពល និងជំរុញការផ្លាស់ប្តូរប្រព័ន្ធថាមពលរបស់ប្រទេស។ ការអនុម័តនេះធ្វើឡើង បន្ទាប់ពីសមាជិកសភាទាំងគណបក្សរដ្ឋាភិបាល និងគណបក្សប្រឆាំង បានពិភាក្សាយ៉ាងទូលំទូលាយពេញមួយថ្ងៃ។ នៅវេលាម៉ោង ៨:២៨នាទីយប់ សភាបានបោះឆ្នោតដោយមានអ្នកចូលរួមសរុប ៤៧៨នាក់ ក្នុងនោះ ២៨៥នាក់បោះឆ្នោតគាំទ្រ ១៤១នាក់ប្រឆាំង និង៥២នាក់អនុប្បវាទ។

លោក អេកនីទី នីទីថាន់ប្រផាស ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជាក់ថា ការខ្ចីប្រាក់នេះមានភាពចាំបាច់ ដោយសារថៃកំពុងប្រឈមនឹងវិបត្តិចំនួន៣ជាបន្តបន្ទាប់។ វិបត្តិទី១ គឺវិបត្តិថាមពលដែលបណ្តាលពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃប្រេងនៅក្នុងប្រទេសកើនឡើងប្រមាណ ៣០ភាគរយ។ វិបត្តិទី២ គឺការកើនឡើងនៃថ្លៃជីវភាព និងថ្លៃដើម ខណៈវិបត្តិទី៣ គឺការធ្លាក់ចុះនៃកម្លាំងទិញ និងការប្រើប្រាស់ក្នុងត្រីមាសទី២ ដែលអាចបង្កឱ្យមានការបាត់បង់ការងារ និងការបិទអាជីវកម្ម ប្រសិនបើមិនមានវិធានការទប់ស្កាត់។

លោក អេកនីទី បានប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចថៃទៅនឹង «ផ្ទះដែលមានដំបូលធ្លុះ» ដោយថា ការចំណាយថវិកាជួយប្រជាជនជាបន្តបន្ទាប់ គឺប្រៀបដូចជាការដាក់ធុងទទួលទឹកភ្លៀង ខណៈការប្រើប្រាស់ប្រាក់កម្ចីដើម្បីដោះស្រាយបញ្ហារចនាសម្ព័ន្ធ គឺដូចជាការជួសជុលដំបូល ដើម្បីកុំឱ្យបន្តដោះស្រាយបញ្ហារយៈខ្លីជារៀងរហូត។ ប្រាក់កម្ចីនេះនឹងផ្តោតលើការជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិ កាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល ជំរុញការផ្លាស់ប្តូរទៅរកថាមពលស្អាត និងបង្កើតជំនាញថ្មីសម្រាប់ប្រជាជនថៃ។

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរ៉ាគុល បានសន្យាថា រដ្ឋាភិបាលនឹងតាមដានការប្រើប្រាស់ប្រាក់កម្ចីយ៉ាងជិតស្និទ្ធ ដើម្បីធានាថា ប្រាក់គ្រប់បាតត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ថវិកាដើម្បីផ្តល់ផលប្រយោជន៍ជាក់លាក់ដល់បុគ្គល ឬក្រុមណាមួយឡើយ។

លោកបានសង្កត់ធ្ងន់ថា ប្រាក់នេះជាប្រាក់កម្ចីដែលនឹងត្រូវសងវិញ ប៉ុន្តែរដ្ឋាភិបាលវាយតម្លៃថា អត្ថប្រយោជន៍ពីការដោះស្រាយវិបត្តិ និងការផ្លាស់ប្តូរប្រព័ន្ធថាមពល នឹងមានភាពសមស្របនឹងថ្លៃដើមនៃការខ្ចីប្រាក់។ រដ្ឋាភិបាលក៏នឹងយកអនុសាសន៍ពីការពិភាក្សារបស់សភា ទៅកែលម្អការអនុវត្ត ដើម្បីឱ្យប្រាក់កម្ចីនេះផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនបានខ្ពស់បំផុត។

ប្រភព៖ ThaiPBS

https://www.thaipbs.or.th/news/content/509951

Reporter

https://www.facebook.com/TheReportersTH/posts/photo-story-

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី : Reporter
រូបភាពពី : Reporter
រូបភាពពី : Reporter
រូបភាពពី : Reporter
រូបភាពពី : Reporter
រូបភាពពី : Reporter