National
សភាតំណាងអាស៊ានជួបប្រជុំនៅកម្ពុជា អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធវិស័យកសិកម្ម ជំរុញបង្កើត «ធនាគារស្បៀង» ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ និងរាំងស្ងួត

ភ្នំពេញ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ — សភាតំណាងប្រទេសក្នុងតំបន់អាស៊ាន អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម បានជំរុញគំនិតបង្កើត «ធនាគារស្បៀងអាស៊ាន» ដើម្បីត្រៀមឆ្លើយតបនឹងវិបត្តិសន្តិសុខស្បៀង ដែលអាចកើតឡើងដោយសារគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។ គំនិតនេះត្រូវបានលើកឡើងក្នុងវេទិកា ASEAN RAI ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅកម្ពុជា។
បើតាមប្រសាសន៍របស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា (គណៈកម្មការទី៥) «ធនាគារស្បៀងអាស៊ាន» មានគោលបំណងស្តុកទុកកសិផលសំខាន់ៗ ដោយចាប់ផ្តើមពីអង្ករជាអាទិភាព ដើម្បីផ្គត់ផ្គង់ជូនបណ្តារដ្ឋសមាជិកអាស៊ានបានទាន់ពេលវេលា នៅពេលប្រឈមនឹងវិបត្តិអសន្តិសុខស្បៀង។
ក្នុងវេទិកានេះ ភាគីចូលរួមក៏បានឯកភាពលើការពង្រឹងក្របខណ្ឌច្បាប់ ដើម្បីជំរុញទំនើបកម្មវិស័យកសិកម្ម ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ព្រមទាំងការផ្តល់ការគាំទ្រផ្នែកសារពើពន្ធ និងហិរញ្ញប្បទានប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ វេទិកាក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យផ្កាយរណប ដើម្បីពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងការបង្ការ-គ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។ ភាគីពាក់ព័ន្ធក៏បានលើកឡើងពីគំនិតបង្កើត «មជ្ឈមណ្ឌលទិន្នន័យសម្រាប់ប្រព័ន្ធអេកូឡូស៊ីសន្តិសុខស្បៀង» ដើម្បីគាំទ្រការគ្រប់គ្រងទិន្នន័យ ការរៀបចំផែនការស្បៀង និងកាត់បន្ថយការខ្ជះខ្ជាយស្បៀង។
ជាមួយគ្នានេះ អង្គវេទិកាបានផ្តោតលើការធ្វើសមាហរណកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងវិស័យកសិ-ចំណីអាហារ ទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដើម្បីកសាងប្រព័ន្ធកសិ-ចំណីអាហារដែលមានភាពរឹងមាំ និងអាចសម្របខ្លួនបានខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុលែងជាបញ្ហាប្រឈមសម្រាប់ពេលអនាគតទៀតហើយ ប៉ុន្តែបានក្លាយជាវិបត្តិជាក់ស្តែងដែលកំពុងគំរាមកំហែងដល់ផលិតកម្មដំណាំ ផលិតភាពកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។
ដូច្នេះ ការបង្កើតយន្តការសហប្រតិបត្តិការរួម ដូចជា «ធនាគារស្បៀង» និងការពង្រឹងការចែករំលែកព័ត៌មានរវាងប្រទេសអាស៊ាន ត្រូវបានចាត់ទុកថាជាវិធានការសំខាន់សម្រាប់ពង្រឹងសន្តិសុខស្បៀង និងភាពធន់របស់តំបន់នៅពេលប្រឈមនឹងគ្រោះធម្មជាតិ។
ប្រភព៖ National Assembly Of Cambodia
https://www.facebook.com/share/p/1Jw4bWsFEB/
រាយការណ៍ដោយ៖ The Khmer Today


