International
ស្ត្រីថៃម្នាក់ប្រតិដ្ឋរឿងថា នាងត្រូវបានគេចាប់ជំរិត និងរំលោភ ដើម្បីសាកចិត្តគ្រួសារ

ភ្នំពេញ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ - ស្ត្រីថៃអាយុ ២៨ឆ្នាំម្នាក់នៅខេត្តអយុធ្យា បានសារភាពថា ខ្លួនបានប្រតិដ្ឋរឿងមួយថា ខ្លួនត្រូវបានបុរសពីរនាក់ចាប់ជំរិត ចងដៃជើង និងប៉ុនប៉ងរំលោភ ដើម្បីសាកល្បងមើលថា តើគ្រួសាររបស់ខ្លួនមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះនាងកម្រិតណា? កាលពីថ្ងៃទី២១ ខែសីហា នាងបានរាយការណ៍ទៅប៉ូលិសថា ខណៈកំពុងជិះម៉ូតូទៅធ្វើការ មានបុរសពីរនាក់ជិះម៉ូតូតាមពីក្រោយ ហើយម្នាក់ក្នុងចំណោមនោះបានកាន់កាំបិតគំរាម និងបង្ខំនាងឱ្យជិះទៅកាន់តំបន់ស្ងាត់មួយចម្ងាយប្រមាណ ១២គីឡូម៉ែត្រ។
តាមការរាយការណ៍ដំបូង នាងអះអាងថា ជនសង្ស័យបានចងដៃជើង និងបិទមាត់នាង ព្រមទាំងព្យាយាមដោះសម្លៀកបំពាក់ ប៉ុន្តែបានបញ្ឈប់សកម្មភាព បន្ទាប់ពីឮសំឡេងមនុស្សនៅក្បែរនោះ។ នាងក៏អះអាងថា ជនសង្ស័យបានយកប្រាក់ប្រមាណ ២,០០០ បាត និងបង្ខំនាងឱ្យលេខកូដទូរស័ព្ទ ដើម្បីផ្ញើសារគំរាមទៅកាន់ដៃគូរបស់នាង ព្រមទាំងផ្ញើរូបថតដែលនាងត្រូវបានចង នៅទីតាំងនោះ។ បន្ទាប់ពីទទួលបានព័ត៌មាន ប៉ូលិសបានចុះទៅកាន់ទីតាំង និងរកឃើញនាងពិតមែន ហើយសភាពរបស់នាងពេលនោះនៅជាប់ចំណងនៅឡើយ ខណៈប៉ូលិសក៏បានរកឃើញឧបករណ៍ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននៅក្បែរនោះផងដែរ។
ទោះជាយ៉ាងណា ក្រោយប៉ូលិសកោះហៅនាង និងដៃគូមកសាកសួរបន្ថែម ស្ត្រីរូបនេះបានសារភាពថា រឿងទាំងមូលត្រូវបាននាងប្រតិដ្ឋឡើង ដោយសារមានបញ្ហាក្នុងគ្រួសារ និងមានអារម្មណ៍ថាខ្លួនមិនទទួលបានការយកចិត្តទុកដាក់ ដូច្នេះនាងចង់សាកល្បងមើលថា តើគ្រួសារនឹងព្រួយបារម្ភចំពោះនាងឬយ៉ាងណា។ ដៃគូរបស់នាងបានបញ្ជាក់ថា ខ្លួនមិនបានដឹង និងមិនមានជាប់ពាក់ព័ន្ធនឹងការប្រតិដ្ឋរឿងនេះទេ។ ប៉ូលិសបានឱ្យដឹងទៀតថា ស្ត្រីរូបនេះមានស្ថានភាពផ្លូវចិត្តមិនល្អ ហើយកំពុងទទួលបានការមើលថែ ខណៈសមត្ថកិច្ចកំពុងពិនិត្យភស្តុតាង ដើម្បីសម្រេចថាតើនាងអាចប្រឈមនឹងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិតដល់ប៉ូលិសឬយ៉ាងណា?
ប្រភព៖ ៖ TheThaiger
Huahin
https://huahin.localplus.city/2026/08/27/woman-admits-faking-rape-for-attention/
រាយការណ៍ដោយ៖ The Khmer Today


