National

August 28, 2026 at 11:16 AM
Melea_Sovannary

កម្ពុជាតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើថៃប្រើគ្រឿងចក្រធុនធ្ងន់ចូលជីកប្រឡាយនៅតំបន់ចូកគ្រួស ខេត្តឧត្តរមានជ័យ

កម្ពុជាតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើថៃប្រើគ្រឿងចក្រធុនធ្ងន់ចូលជីកប្រឡាយនៅតំបន់ចូកគ្រួស ខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦— រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ស្ថិតក្នុងភូមិថ្មជូន ឃុំគោករមៀត ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សកម្មភាពនេះ គឺជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

យោងតាមការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជា សកម្មភាពប្រើគ្រឿងចក្រធុនធ្ងន់ចូលជីកប្រឡាយនៅតំបន់ចូកគ្រួស បានកើតឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះកើតឡើងស្របពេលនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ការទាមទារទឹកដី ឬខ្សែបន្ទាត់ព្រំដែនជាឯកតោភាគីរបស់ថៃឡើយ ហើយសកម្មភាពនៅតំបន់ចូកគ្រួស មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ កម្ពុជាក៏បានយោងទៅលើផែនទីខ្នាត ១:២០០,០០០ អនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ឆ្នាំ២០២៥។

កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពប្រើគ្រឿងចក្រចូលជីកប្រឡាយនៅតំបន់ចូកគ្រួស និងតំបន់ផ្សេងទៀតតាមបណ្តោយព្រំដែន ដើម្បីបន្ថយភាពតានតឹង និងបង្កើនការជឿទុកចិត្តរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ កម្ពុជាបានបញ្ជាក់ជាថ្មីថា ខ្លួននៅតែប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

ប្រភព៖ ក្រសួងការបរទេស

https://www.facebook.com/share/p/1EVsYDkqG4/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងការបរទេស
ប្រភព៖ ក្រសួងការបរទេស
Images-Content-1231
Images-Content-1231
Images-Content-1232
Images-Content-1232