International
ព្រះសង្ឃថៃមួយអង្គ ត្រូវផ្សឹកភ្លាមៗ ក្រោយប៉ូលិសរកឃើញថ្នាំញៀនក្នុងកុដិ និងតេស្តទឹកនោមឃើញវិជ្ជមាន

ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦— ព្រះសង្ឃថៃមួយអង្គនៅវត្តមួយក្នុងស្រុកមឿង ខេត្តសុផាន់បុរី ត្រូវបានផ្សឹកភ្លាមៗ បន្ទាប់ពីអាជ្ញាធររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ឬថ្នាំយ៉ាបា ចំនួន២គ្រាប់ នៅក្នុងកុដិរបស់ព្រះអង្គ ហើយលទ្ធផលតេស្តទឹកនោមបង្ហាញថាមានសារធាតុញៀន។ ប្រតិបត្តិការនេះធ្វើឡើងក្រោយអាជ្ញាធរទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានព្រះសង្ឃនៅវត្តមួយកំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងកុដិ។
មន្ត្រីអាជ្ញាធរស្រុកមឿង សុផាន់បុរី បានចុះទៅត្រួតពិនិត្យវត្ត និងបានរកឃើញព្រះសង្ឃមួយអង្គ។ មន្ត្រីបានឃើញថា ព្រះអង្គមានអាការៈគួរឱ្យសង្ស័យ និងបានដើរត្រឡប់ទៅកុដិភ្លាមៗ។ ដោយមានការអនុញ្ញាតពីព្រះចៅអធិការ មន្ត្រីបានចូលឆែកឆេរកុដិ និងរកឃើញថ្នាំយ៉ាបា២គ្រាប់ ដាក់ក្នុងថង់ប្លាស្ទិកមានខ្សែបិទ និងលាក់ទុកក្នុងកន្ត្រកនៅលើទូទឹកកក។ បន្ទាប់ពីតេស្តទឹកនោមឃើញវិជ្ជមាន ព្រះសង្ឃរូបនេះត្រូវបានផ្សឹកភ្លាមៗ។
ក្រោយសាកសួរ អតីតព្រះសង្ឃរូបនេះបានសារភាពថា បានប្រើប្រាស់ថ្នាំញៀននៅព្រឹកថ្ងៃកើតហេតុ និងធ្លាប់ចែករំលែកថ្នាំញៀនជាមួយអតីតព្រះសង្ឃមួយអង្គទៀត។ អាជ្ញាធរបានឱ្យដឹងថា ការត្រួតពិនិត្យប្រវត្តិបានរកឃើញថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន១៥លើក ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងប្លន់។ បច្ចុប្បន្ន អតីតព្រះសង្ឃរូបនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់ និងប្រើប្រាស់មេតំហ្វេតាមីនដោយខុសច្បាប់ និងបញ្ជូនទៅនគរបាលស្រុកមឿង សុផាន់បុរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រភព៖ Today line
https://today.line.me/th/v3/article/JPnwVk7
Khaosod English
រាយការណ៍ដោយ៖ The Khmer Today


