National

August 28, 2026 at 2:28 PM
Melea_Sovannary

គ.ប.ឆ.ប. លាតត្រដាងនៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិ ថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៧០០កន្លែងត្រូវបានបោសសម្អាត

គ.ប.ឆ.ប. លាតត្រដាងនៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិ ថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៧០០កន្លែងត្រូវបានបោសសម្អាត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះមិនមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជាទៀតឡើយ បន្ទាប់ពីអាជ្ញាធរបានអនុវត្តយុទ្ធនាការបង្ក្រាប និងបោសសម្អាតយ៉ាងទូលំទូលាយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងចំពោះតំណាងអង្គទូត និងអង្គការអន្តរជាតិប្រមាណ ៥០នាក់ ក្នុងកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣កន្លែង ក្នុងនោះ ៦២៤កន្លែង ត្រូវបានបង្ក្រាបជាក់ស្តែង ខណៈទីតាំងចំនួន ១៦៩កន្លែង ទៀតត្រូវបានរកឃើញថា ជនល្មើសបានបោះបង់ចោល និងគេចខ្លួន។ ប្រតិបត្តិការទាំងនេះក៏បាននាំទៅដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យជិត ៣ម៉ឺននាក់ ពី៣៩សញ្ជាតិ។

ទន្ទឹមនឹងការបង្ក្រាបទីតាំងឆបោក អាជ្ញាធរក៏បានអនុវត្តវិធានការផ្លូវច្បាប់លើមុខសញ្ញាពាក់ព័ន្ធ ដោយកសាងបញ្ជូនសំណុំរឿងទៅតុលាការ ៤០៨ករណី និងមានជនសង្ស័យ ៣,៤៧៧នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ សមត្ថកិច្ចកំពុងស្វែងរកមុខសញ្ញាចំនួន ៨៥៥នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ខណៈកម្ពុជាក៏បានចាត់វិធានការលើកាស៊ីណូចំនួន ២៧កន្លែង ដោយដកហូតអាជ្ញាបណ្ណ ១៨ និងព្យួរអាជ្ញាបណ្ណ ៩កន្លែង។

ទោះបីមជ្ឈមណ្ឌលធំៗត្រូវបានបោសសម្អាតក្តី កម្ពុជាបានទទួលស្គាល់ថា ក្រុមឧក្រិដ្ឋជនបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយបំបែកសកម្មភាពទៅតាមផ្ទះជួល ខុនដូ ផ្ទះសំណាក់ រថយន្ត និងហាងកាហ្វេ ដែលអាជ្ញាធរនៅតែបន្តស្រាវជ្រាវ និងបង្ក្រាប។

ក្នុងពេលជាមួយគ្នានេះ កម្ពុជាកំពុងពន្លឿនការរៀបចំច្បាប់សន្តិសុខសាយប័រ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ហើយនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ប្រភព៖ ក្រសួងព័ត៌មាន

https://www.information.gov.kh/articles/200519

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី :ក្រសួងព័ត៌មាន
រូបភាពពី :ក្រសួងព័ត៌មាន
រូបភាពពី :ក្រសួងព័ត៌មាន
រូបភាពពី :ក្រសួងព័ត៌មាន
រូបភាពពី :ក្រសួងព័ត៌មាន
រូបភាពពី :ក្រសួងព័ត៌មាន