International
ប៉ូលិសថៃចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធការរំលោភបំពានផ្លូវភេទលើកុមារ ៨ករណី

ភ្នំពេញ៖ ប៉ូលិសថៃបានចាប់ខ្លួនបុរសជនជាតិអាមេរិកអាយុ៤៨ឆ្នាំម្នាក់ នៅខេត្តភូកេត បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិកបានចេញដីកាចាប់ខ្លួនរូបគេចំនួន៨ករណី ពាក់ព័ន្ធបទល្មើសផ្លូវភេទលើកុមារ។ ការចាប់ខ្លួននេះធ្វើឡើងតាមសំណើសុំជំនួយពីការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ខណៈប៉ូលិសថៃបានកំណត់អត្តសញ្ញាណជនសង្ស័យថា ឈ្មោះ Lance Michael Bec ដែលត្រូវបានអាជ្ញាធរអាមេរិកស្វែងរកតាមដីការចំនួន៧កម្រិតរដ្ឋ និង១កម្រិតសហព័ន្ធ នៅរដ្ឋ Alabama។
តាមការបញ្ជាក់របស់អាជ្ញាធរថៃ អាជ្ញាធរអាមេរិកបានចោទប្រកាន់លោក បេក ពាក់ព័ន្ធបទល្មើសជាច្រើន រួមមានការរំលោភផ្លូវភេទ ការធ្វើទារុណកម្មផ្លូវភេទ ការជួញដូរមនុស្ស ការជួយសម្រួលឱ្យកុមារធ្វើដំណើរដើម្បីប្រព្រឹត្តសកម្មភាពផ្លូវភេទខុសច្បាប់ ការរំលោភបំពានផ្លូវភេទ និងអំពើរួមភេទក្នុងគ្រួសារ។ ក្រុមស៊ើបអង្កេតថៃបានឱ្យដឹងថា ជនសង្ស័យបានប្រព្រឹត្តអំពើរំលោភបំពានលើកុមារអាយុក្រោម១៤ឆ្នាំ និងបានថតសកម្មភាពទាំងនោះជាវីដេអូ មុនពេលចាកចេញពីសហរដ្ឋអាមេរិក និងធ្វើដំណើរមកប្រទេសថៃ។
នៅរសៀលថ្ងៃទី២៩ ខែសីហា ប៉ូលិសថៃ មន្ត្រីអន្តោប្រវេសន៍ និងក្រុមស៊ើបអង្កេតនៅខេត្តភូកេត បានតាមដានរកឃើញលោក បេក នៅសណ្ឋាគារមួយក្នុងឃុំសាគូ ស្រុកថាឡាំង បន្ទាប់ពីដឹងថា រូបគេបានចូលប្រទេសថៃតាមអាកាសយានដ្ឋានអន្តរជាតិភូកេត។ នៅប្រមាណម៉ោង២:១៥រសៀល ហើយមន្ត្រីក៏បានឃាត់ខ្លួនរូបលោកតែម្ដង ឯជនសង្ស័យក៏បានទទួលស្គាល់ដែរថា លោកគឺជាមនុស្សដែលអាជ្ញាធរអាមេរិកកំពុងតាមរក។
បន្ទាប់មក អាជ្ញាធរអន្តោប្រវេសន៍ថៃបានដកហូតសិទ្ធិស្នាក់នៅរបស់គេ និងបញ្ជូនទៅមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់ ខណៈអាជ្ញាធរថៃកំពុងរៀបចំបញ្ជូនរូបគេទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់ដែលនៅសេសសល់។
ប្រភព៖ Bangkokpost
Khaosod
រាយការណ៍ដោយ៖ The Khmer Today


