National
កម្ពុជាអំពាវនាវឱ្យរដ្ឋមានអាវុធនុយក្លេអ៊ែរ ចូលរួមលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ

ភ្នំពេញ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦- កម្ពុជាបានអំពាវនាវឱ្យរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីលុបបំបាត់ការគំរាមកំហែងដែលបង្កឡើងដោយអាវុធប្រភេទនេះ និងជំរុញការសម្រេចបាននូវពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
ការអំពាវនាវនេះធ្វើឡើងដោយឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរ។
ក្នុងឱកាសនោះ ឯកឧត្តម កែវ ឈា បានបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការសាកល្បងអាវុធនុយក្លេអ៊ែរ។ លោកក៏បានទទូចឱ្យប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយ ដើម្បីជំរុញឱ្យសន្ធិសញ្ញាហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមាន។
ជាមួយគ្នានេះ កម្ពុជាបានស្វាគមន៍រដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលមានបំណងចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយគ្មានការដាក់លក្ខខណ្ឌ និងបានអំពាវនាវឱ្យរដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀតអនុវត្តដូចគ្នា ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
ប្រភព៖ ក្រសួងព័ត៌មាន
https://www.information.gov.kh/articles/200938
រាយការណ៍ដោយ៖ The Khmer Today


