International

September 1, 2026 at 10:39 AM
Melea_Sovannary

មន្ទីរពេទ្យថៃល្បីមួយ សុំទោសអ្នកជំងឺ ក្រោយបង់រុំរបួសនៅសល់ក្នុងទ្វារមាស៦ថ្ងៃ ទើបរកឃើញ

មន្ទីរពេទ្យថៃល្បីមួយ សុំទោសអ្នកជំងឺ ក្រោយបង់រុំរបួសនៅសល់ក្នុងទ្វារមាស៦ថ្ងៃ ទើបរកឃើញ

ភ្នំពេញ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦- មន្ទីរពេទ្យសាកលវិទ្យាល័យបច្ចេកវិទ្យាសូរ៉ាណារី (SUT) ខេត្តនគររាជសីមា ប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ និងសុំទោសអ្នកជំងឺស្ត្រីម្នាក់ ក្រោយរកឃើញថា មានបង់រុំរបួសមួយដុំសល់នៅក្នុងទ្វារមាសរយៈពេល៦ថ្ងៃ បន្ទាប់ពីនាងបានចូលទទួលការកាត់យកជាលិកាមាត់ស្បូនដោយប្រើរង្វង់អគ្គិសនី (LEEP) កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ មន្ទីរពេទ្យបញ្ជាក់ថា ដោយសារមាត់ស្បូនមានទំហំធំ គ្រូពេទ្យបានដាក់បង់រុំរបួសចំនួន២ដុំ ដើម្បីទប់ការហូរឈាម ប៉ុន្តែនៅថ្ងៃទី២២ ខែសីហា បានយកចេញតែមួយដុំ ខណៈមួយដុំទៀតនៅសល់។

ក្រោយរកឃើញបង់រុំរបួសនៅសល់ គ្រូពេទ្យបានទាក់ទងអ្នកជំងឺឱ្យត្រឡប់មកមន្ទីរពេទ្យដើម្បីយកចេញ ប៉ុន្តែនៅថ្ងៃទី២៣ ខែសីហា ពេលនាងទៅដល់ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីកំពុងធ្វើការវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺធ្ងន់ម្នាក់ ដែលមានស្ថានភាពទឹកភ្លោះចូលក្នុងចរន្តឈាម។

រូបភាពពី៖ Amarintv
រូបភាពពី៖ Amarintv

អ្នកជំងឺត្រូវបានស្នើឱ្យរង់ចាំប្រមាណ៣ទៅ៤ម៉ោង ហើយបានសម្រេចត្រឡប់ទៅផ្ទះ ដើម្បីមកវិញនៅព្រឹកថ្ងៃទី២៤ ខែសីហា។ ប៉ុន្តែនៅថ្ងៃបន្ទាប់ នាងបានទៅមន្ទីរពេទ្យក្បែរនោះដើម្បីយកបង់រុំរបួសចេញ ហើយដោយសារមានឈាមហូរមិនឈប់ មន្ទីរពេទ្យនោះបានបញ្ជូននាងត្រឡប់មក SUT វិញ។

នៅថ្ងៃទី២៤ ខែសីហា មន្ទីរពេទ្យ SUT បានទទួលអ្នកជំងឺចូលសម្រាកព្យាបាល និងធ្វើការទប់ឈាមជាថ្មីរយៈពេល៤៨ម៉ោង រហូតអាចយកបង់រុំរបួសចេញបានដោយសុវត្ថិភាពនៅថ្ងៃទី២៦ ខែសីហា។ មន្ទីរពេទ្យបានបញ្ជាក់ថា មិនបានគិតថ្លៃព្យាបាលបន្ថែមពីអ្នកជំងឺឡើយ ហើយបានសម្តែងការសោកស្តាយចំពោះការណ៍ដែលធ្វើឱ្យអ្នកជំងឺត្រូវធ្វើដំណើរទៅមកជាច្រើនលើក និងមិនទទួលបានការពន្យល់គ្រប់គ្រាន់។

មន្ទីរពេទ្យ និងគ្រូពេទ្យបានប្តេជ្ញាយកករណីនេះទៅពិនិត្យឡើងវិញ ដើម្បីដាក់វិធានការការពារ និងបង្កើនការយកចិត្តទុកដាក់លើការទំនាក់ទំនងជាមួយអ្នកជំងឺ ដើម្បីកុំឱ្យហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្តងទៀត។

ប្រភព៖ DailyNews

https://www.dailynews.co.th/news/6153638/

រាយការដោយ៖ The Khmer Today

រូបភាពពី៖ Amarintv
រូបភាពពី៖ Amarintv
រូបភាពពី៖ Amarintv
រូបភាពពី៖ Amarintv
រូបភាពពី៖ Amarintv
រូបភាពពី៖ Amarintv