International
តម្លៃប្រេងបន្តកើន ខណៈការដឹកជញ្ជូនតាមច្រកហ័រមូសធ្លាក់ចុះដល់កម្រិតទាបបំផុត

ភ្នំពេញ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦- តម្លៃប្រេងបានបន្តកើនឡើងនៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ខណៈទីផ្សារប្រេងពិភពលោកកំពុងប្រឈមនឹងការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់។ តម្លៃប្រេងឆៅក្នុងមួយ Brent បានកើនឡើង ៥៦សេន ឬ ០,៦% ដល់ ៩១,០៥ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាម៉េរិក កើនឡើង ៨៣សេន ឬ ១ភាគរយ ដល់ ៨៦,៥៩ដុល្លារក្នុងមួយបារ៉ែល ស្មើប្រមាណ ១៥៩លីត្រ។ នេះបើយោងតាមសារព័ត៌មាន Reuters ។
ការកើនឡើងនេះកើតឡើងចំពេលភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។ ជាមួយគ្នានេះ ទិន្នន័យពីក្រុមហ៊ុនតាមដានការដឹកជញ្ជូន Kpler បង្ហាញថា ចំនួននាវាដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស បានធ្លាក់ចុះមកត្រឹមប្រមាណ ៥គ្រឿងក្នុងមួយថ្ងៃកាលពីចុងសប្តាហ៍ ដែលជាកម្រិតទាបបំផុត។
ច្រកសមុទ្រហ័រមូស គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់មួយរបស់ពិភពលោក ដោយមុនពេលសង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ មានប្រេងប្រមាណមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងសកល ត្រូវបានដឹកជញ្ជូនឆ្លងកាត់តំបន់នេះ។ ទោះបីមានកិច្ចខិតខំប្រឹងប្រែងពីអ្នកសម្របសម្រួល រួមមានប្រទេសកាតា និងអូម៉ង់ ដើម្បីបើកផ្លូវទឹកនេះឡើងវិញក៏ដោយ ក៏មិនទាន់ទទួលបានលទ្ធផលនៅឡើយ ខណៈអ៊ីរ៉ង់នៅតែបន្តបិទច្រកនេះ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល៕
ប្រភព៖ Reuters
រាយការណ៍ដោយ៖ The Khmer Today


