National

September 2, 2026 at 10:16 AM
Melea_Sovannary

កម្ពុជាបដិសេធជាថ្មី ការចោទប្រកាន់របស់ថៃថាកម្ពុជាជាអ្នកបាញ់មុន និងទាមទារឱ្យថៃពន្លឿនការងារព្រំដែន

កម្ពុជាបដិសេធជាថ្មី ការចោទប្រកាន់របស់ថៃថាកម្ពុជាជាអ្នកបាញ់មុន និងទាមទារឱ្យថៃពន្លឿនការងារព្រំដែន

ភ្នំពេញ៖ ថ្ងៃទី២​ ខែកញ្ញា ឆ្នាំ២០២៦- ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានបដិសេធជាថ្មីចំពោះការចោទប្រកាន់របស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលអះអាងថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។ កម្ពុជាបញ្ជាក់ថា ភាគីថៃទៅវិញទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន ហើយមិនអាចយកហេតុផលការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញភាពស្របច្បាប់នៃសកម្មភាពយោធារបស់ខ្លួនបានឡើយ។

ក្រសួងការពារជាតិបានលើកឡើងថា ប៉ុន្មានថ្ងៃមុនការវាយប្រហារកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath) ដែលកម្ពុជាចាត់ទុកថា បង្ហាញពីការរៀបចំសកម្មភាពយោធាទុកជាមុន។

កម្ពុជាក៏បានច្រានចោលការយកបញ្ហាការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដោយចាត់ទុកថា មិនស្របនឹងស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះ កម្ពុជាបានទាមទារឱ្យភាគីថៃអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងជាបន្ទាន់ ជាពិសេសការពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ កម្ពុជាបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី យុត្តិធម៌ និងផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង ដើម្បីកំណត់ ឬផ្លាស់ប្តូរព្រំដែនរវាងប្រទេសទាំងពីរឡើយ។

ប្រភព៖ ក្រសួងការពារជាតិ

https://www.facebook.com/share/p/1LhcCBRnYw/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ