National
បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវឃាត់ខ្លួននៅអាកាសយានដ្ឋានតេជោ ក្រោយរកឃើញហេរ៉ូអ៊ីនជាងកន្លះគីឡូក្រាម

ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦-មន្ត្រីគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិតេជោ បានឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ បន្ទាប់ពីរកឃើញសារធាតុសង្ស័យជាថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៨១កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភាររបស់ជនសង្ស័យ ខណៈរូបគេកំពុងរៀបចំធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់កោះតៃវ៉ាន់។ នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
ករណីនេះបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈមន្ត្រីគយ និងរដ្ឋាករ បានធ្វើការត្រួតពិនិត្យអ្នកដំណើរភេទប្រុស សញ្ជាតិម៉ាឡេស៊ីម្នាក់ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកោះតៃវ៉ាន់។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញកញ្ចប់សារធាតុសង្ស័យជាហេរ៉ូអ៊ីនចំនួន៨១កញ្ចប់តូច លាក់ទុកក្នុងសម្ភាររបស់អ្នកដំណើររូបនេះ។
ក្រោយបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច មន្ត្រីគយ និងរដ្ឋាករ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារពាក់ព័ន្ធ ជូនអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនដែលមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។
ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
https://www.facebook.com/share/p/1Hd3ny18Un/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


