National

September 3, 2026 at 11:39 AM
Melea_Sovannary

Panasonic មើលឃើញសក្តានុពលកម្ពុជាសម្រាប់ពង្រីកការវិនិយោគ និងសហការលើបច្ចេកវិទ្យា

Panasonic មើលឃើញសក្តានុពលកម្ពុជាសម្រាប់ពង្រីកការវិនិយោគ និងសហការលើបច្ចេកវិទ្យា

ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦-ក្រុមហ៊ុន Panasonic បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលកំណើនរបស់កម្ពុជា និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល ការអភិវឌ្ឍធនធានមនុស្ស ស្តង់ដាផលិតផល និងលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ Panasonic ដឹកនាំដោយលោក Eiichi Katayama ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Panasonic HVAC & CC Co., Ltd. ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងខាងលើ បានលើកទឹកចិត្តឱ្យ Panasonic ពិចារណាកម្ពុជាមិនត្រឹមតែជាទីផ្សារលក់ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែជាទីតាំងសក្តានុពលសម្រាប់រៀបចំរោងចក្រ និងខ្សែច្រវាក់ផលិតកម្មនាពេលអនាគត។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាកំពុងធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មទៅកាន់វិស័យយានយន្ត អេឡិចត្រូនិក និងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងពង្រឹងការអភិវឌ្ឍជំនាញ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។

ជាមួយគ្នានេះ តំណាង Panasonic បានបង្ហាញវិស័យអាទិភាពចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការនៅកម្ពុជា រួមមាន ប្រសិទ្ធភាពថាមពល និងដំណោះស្រាយប្រព័ន្ធ HVAC ទំនើប ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស ព្រមទាំងគុណភាព ស្តង់ដា និងការពង្រឹងភាពអនុលោម។ ក្រុមហ៊ុនគ្រោងនឹងនាំយកបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ពាណិជ្ជកម្មថ្មីចូលមកទីផ្សារកម្ពុជា និងបន្តគាំទ្រវិស្វករ និងនិស្សិតកម្ពុជាតាមរយៈអាហារូបករណ៍ កម្មសិក្សា កិច្ចសហការជាមួយសាកលវិទ្យាល័យ និងការបណ្តុះបណ្តាលបច្ចេកទេសទាំងក្នុង និងក្រៅប្រទេស។

លោក Eiichi Katayama បានលើកឡើងថា កម្ពុជាគឺជាទីផ្សារសំខាន់មួយសម្រាប់ Panasonic ហើយក្រុមហ៊ុនចង់ចូលរួមគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការនាំយកបច្ចេកវិទ្យា និងចំណេះដឹងបច្ចេកទេសមកកាន់ប្រទេសនេះ។ Panasonic ក៏បានបង្ហាញការគាំទ្រចំពោះការអនុវត្តស្តង់ដាផលិតផលរបស់កម្ពុជាឱ្យមានភាពស្មើគ្នាចំពោះគ្រប់ម៉ាក និងផលិតផលមកពីគ្រប់ប្រទេស ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការការពារអ្នកប្រើប្រាស់ ខណៈក្រសួងបានបញ្ជាក់ថា ត្រៀមខ្លួនគាំទ្រ ប្រសិនបើ Panasonic សម្រេចពង្រីកខ្សែផលិតកម្ម ឬផ្នែកណាមួយនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកកម្ពុជា។

ប្រភព៖ ក្រសួងឧស្សាហកម្ម

https://www.facebook.com/share/p/1JerRZeyMR/?mibextid=wwXIfr

ក្រសួងព័ត៌មាន

https://www.information.gov.kh/articles/201067

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី៖ ក្រសួងឧស្សាហកម្ម
រូបភាពពី៖ ក្រសួងឧស្សាហកម្ម
រូបភាពពី៖ ក្រសួងឧស្សាហកម្ម
រូបភាពពី៖ ក្រសួងឧស្សាហកម្ម
រូបតំណាងក្រុមហ៊ុន
រូបតំណាងក្រុមហ៊ុន