National
ថវិកាជាង ៣០០លានដុល្លារ ត្រូវបានបង្កក ខណៈសំណុំរឿង ៤៤៦ករណី ពាក់ព័ន្ធ Online Scams កំពុងដំណើរការនៅតុលាការ

ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦- ថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារ ត្រូវបានអាជ្ញាធរកម្ពុជាបង្កក ខណៈសំណុំរឿងពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤៤៦ករណី ត្រូវបានបញ្ជូនទៅតុលាការ ក្នុងក្របខណ្ឌយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដែលសរុបលទ្ធផលប្រតិបត្តិការចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
តាមរបាយការណ៍ដដែល សំណុំរឿងទាំង ៤៤៦ករណីនេះ ពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧នាក់ មកពី២៩សញ្ជាតិ រួមមានមេខ្លោង និងអ្នកពាក់ព័ន្ធ។ ជាមួយគ្នានេះ សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ទីតាំង និងបានបើកប្រតិបត្តិការបង្ក្រាបចំនួន ៦៦៣ទីតាំង ក្នុងនោះមានមណ្ឌលឆបោកទ្រង់ទ្រាយធំចំនួន ៨៦ទីតាំង ត្រូវបានបង្ក្រាប និងគ្រប់គ្រង ខណៈនីតិវិធីរឹបអូសទ្រព្យសម្បត្តិកំពុងត្រូវបានអនុវត្តតាមច្បាប់។
លេខាធិការដ្ឋាន គ.ប.ឆ.ប. បានបញ្ជាក់ថា បច្ចុប្បន្ន មិនមានទីតាំងឆបោកទ្រង់ទ្រាយធំទៀតទេនៅកម្ពុជា ប៉ុន្តែសកម្មភាពឆបោកមួយចំនួននៅតែបន្តក្នុងទម្រង់តូចៗ និងលាក់លៀម ដូចជាតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ ផ្ទះ រថយន្ត ឬហាងកាហ្វេ។ ក្នុងប្រតិបត្តិការទាំងមូល សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យជិត ៣០,០០០នាក់ មកពី៣៩សញ្ជាតិ និងបានជួយសង្គ្រោះ ព្រមទាំងអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនបរទេសជាង ២២,០០០នាក់ មកពី៣៨សញ្ជាតិ។
ក្រៅពីនេះ អាជ្ញាធរបានចាត់វិធានការច្បាប់លើកាស៊ីណូចំនួន ២៧កន្លែង ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដកហូតអាជ្ញាបណ្ណចំនួន១៨ និងព្យួរអាជ្ញាបណ្ណចំនួន៩។ សមត្ថកិច្ចក៏បានចាត់វិធានការលើមន្ត្រីដែលរកឃើញថាមានការពាក់ព័ន្ធ ដោយមានសំណុំរឿង៤ករណី ពាក់ព័ន្ធជនសង្ស័យ១៥នាក់។ ទន្ទឹមនឹងនេះ កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន និងការបង្ក្រាបបទល្មើសឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
https://www.facebook.com/share/19ftEBKXm4/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


