International
ក្រោយទឹកជំនន់បំផ្លាញផ្លូវ ចិនជួសជុលផ្លូវឡើងវិញទៅតំបន់គ្រោះមហន្តរាយទីបេ ខណៈអ្នកបាត់ខ្លួនជាង ៥០០នាក់នៅមិនទាន់រកឃើញ

ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦-ប្រទេសចិនបានជួសជុល និងបើកដំណើរការឡើងវិញពេញលេញនូវផ្លូវតែមួយដែលតភ្ជាប់ទៅច្រកព្រំដែន Gyirong ជាប់ប្រទេសនេប៉ាល់ បន្ទាប់ពីផ្នែកខ្លះនៃផ្លូវត្រូវបានទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផ្លាញកាលពីមួយសប្ដាហ៍មុន។ ការបើកផ្លូវឡើងវិញនេះ បានឱ្យគ្រឿងចក្រធុនធ្ងន់ចូលទៅដល់តំបន់គ្រោះមហន្តរាយសំខាន់នៅទីបេជាលើកដំបូង ដើម្បីជួយពន្លឿនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកដែលបានបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកញ្ញា។
ការខូចខាតលើផ្លូវជាតិ G216 បានធ្វើឱ្យការដឹកជញ្ជូនសម្ភារៈ និងគ្រឿងចក្រទៅកាន់តំបន់រងគ្រោះមានការលំបាកយ៉ាងខ្លាំង ដោយកន្លងមក ចិនត្រូវបញ្ជូនសម្ភារៈ និងការផ្គត់ផ្គង់តាមយន្តហោះទៅកាន់ក្រុមសង្គ្រោះជួរមុខ ខណៈអ្នកជួយសង្គ្រោះមួយចំនួនត្រូវធ្វើដំណើរឆ្លងកាត់តំបន់ភ្នំដោយថ្មើរជើងដ៏លំបាក។ បច្ចុប្បន្ន គ្រឿងចក្រធុនធ្ងន់ជាច្រើនបានទៅដល់តំបន់ដែលធ្លាប់មានអគារត្រួតពិនិត្យព្រំដែន ហើយក្រុមសង្គ្រោះដែលមានឧបករណ៍ស្វែងរកជីវិត និងសត្វឆ្កែស្វែងរក ត្រូវបានដាក់ពង្រាយបន្ថែម។
ទោះជាយ៉ាងណា ប្រតិបត្តិការសង្គ្រោះនៅតែប្រឈមនឹងឧបសគ្គ ដោយសារភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ និងស្ថានភាពភូមិសាស្ត្រដ៏លំបាក។ ក្រុមសង្គ្រោះត្រូវធ្វើការនៅក្នុងជ្រលងភ្នំតូចចង្អៀត ដែលស្ថិតនៅចន្លោះច្រាំងភ្នំមិនទាន់មានស្ថិរភាព និងទន្លេដែលមានចរន្តទឹកហូរខ្លាំង។ អាជ្ញាធរចិនក៏កំពុងតាមដានបឹងនៅតំបន់ខាងលើ ដែលអាចបង្កទឹកជំនន់បន្ថែម ប្រសិនបើទឹកបឹងបែកធ្លាយ ខណៈហានិភ័យនេះត្រូវបានវាយតម្លៃថាបានថយចុះ ប៉ុន្តែហានិភ័យបាក់ដីនៅតែជាក្តីបារម្ភ។
តាម Reuters ចំនួនអ្នកស្លាប់ដែលអាជ្ញាធរចិនបានបញ្ជាក់នៅតំបន់ទីបេ បានកើនដល់ ២១នាក់ ខណៈមនុស្ស ៥៤១នាក់ទៀតនៅបាត់ខ្លួន។ ក្នុងចំណោមអ្នកបាត់ខ្លួន មានជនជាតិនេប៉ាល់ ១០៤នាក់ ឥណ្ឌា ៤៩នាក់ ឡាតវី ៣៣នាក់ និងកាណាដា ៦នាក់។
ចំណែកនៅប្រទេសនេប៉ាល់វិញ អាជ្ញាធរបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១,១១៤នាក់បានស្លាប់ និងជិត ៤,០០០នាក់នៅមិនទាន់ត្រូវបានរកឃើញ។ ទន្ទឹមនឹងនេះ ព័ត៌មានអំពីគ្រោះមហន្តរាយនៅទីបេភាគច្រើនត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ខណៈអ្នកសារព័ត៌មានបរទេសមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់តំបន់រងគ្រោះ ដោយអាជ្ញាធរចិនលើកឡើងពីការខូចខាតផ្លូវ ការរំខានទំនាក់ទំនង និងហានិភ័យពីគ្រោះមហន្តរាយបន្ទាប់បន្សំ។
ប្រភព៖ Reuters
រាយការណ៍ដោយ៖ The Khmer Today


