National
ក្រសួងទេសចរណ៍ បង្ហាញលេខទំនាក់ទំនងបន្ទាន់ ២៤ម៉ោង សម្រាប់ភ្ញៀវទេសចរជួបបញ្ហានៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦- ក្រសួងទេសចរណ៍បានប្រកាសលេខទំនាក់ទំនងរហ័សប្រចាំការ ២៤ម៉ោង សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលជួបបញ្ហា ឬត្រូវការជំនួយបន្ទាន់ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរទេសចរណ៍នៅកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
សម្រាប់ករណីពាក់ព័ន្ធនឹង នីតិវិធីចូល-ចេញប្រទេស ភ្ញៀវទេសចរអាចទាក់ទងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមលេខ ០៦៩ ៣៨១ ៦៩៩, ០៧៨ ៣៨១ ៦៩៩ ឬ ០៨៧ ៣៨១ ៦៩៩។ ចំពោះករណី សន្តិសុខ និងសុវត្ថិភាព អាចទាក់ទងអគ្គស្នងការដ្ឋាននគរបាលជាតិ តាមលេខ ១១៧ នាយកដ្ឋាននគរបាលទេសចរណ៍ ០១៦ ៦៥៤ ៧៣៦ ឬក្រុមប្រតិបត្តិការរហ័សសម្រាប់ជំនួយបរទេស តាមលេខ ០៣១ ២០១ ២៣៤៥ ឬ ០៣១ ៦០១ ២៣៤៥។
ដោយឡែក សម្រាប់ករណី គ្រោះថ្នាក់ដល់រាងកាយ ឬត្រូវការជំនួយផ្នែកសុខភាពបន្ទាន់ ភ្ញៀវទេសចរអាចទាក់ទងរថយន្តសង្គ្រោះបន្ទាន់តាមលេខ ១១៩។ ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមផ្សព្វផ្សាយលេខទំនាក់ទំនងទាំងនេះឱ្យបានទូលំទូលាយ ដើម្បីអាចទទួលបានការជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលា និងរួមចំណែកលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
ប្រភព៖ ក្រសួងទេសចរណ៍
https://www.facebook.com/share/p/1TKtPgnMat/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


