National

September 4, 2026 at 10:26 AM
Melea_Sovannary

កម្ពុជា ប្រាប់ព័ត៌មានដោយផ្ទាល់ដល់អនុព័ន្ធយោធាបរទេស អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ

កម្ពុជា ប្រាប់ព័ត៌មានដោយផ្ទាល់ដល់អនុព័ន្ធយោធាបរទេស អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន២២រូប អំពីស្ថានភាព និងការវិវត្តចុងក្រោយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ បទបង្ហាញនេះដឹកនាំដោយ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយផ្តោតលើស្ថានការណ៍ជាក់ស្តែងនៅតាមបន្ទាត់ព្រំដែនក្រោយបទឈប់បាញ់។

ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាបានផ្តល់ព័ត៌មានដោយផ្ទាល់ ផ្លាស់ប្តូរយោបល់ និងឆ្លើយតបទៅនឹងសំណួររបស់ក្រុមអនុព័ន្ធយោធាបរទេស ជាពិសេសពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ កម្ពុជាបានលើកឡើងថា ទោះបីភាគីទាំងពីរបានព្រមព្រៀងគ្នាលើការបញ្ឈប់ការប្រយុទ្ធ និងមានយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួននៅតាមតំបន់ព្រំដែន ដែលត្រូវការការដោះស្រាយជាបន្ទាន់។

ក្រសួងការពារជាតិបានបញ្ជាក់ថា សកម្មភាពមួយចំនួននៅតាមបន្ទាត់ព្រំដែន ដូចជា ការដាក់ពង្រាយកងទ័ព ការរាយបន្លា ការដាក់របងលួស និងការសាងសង់សំណង់ ត្រូវបានកម្ពុជាចាត់ទុកថា កំពុងប៉ះពាល់ដល់ស្ថានការណ៍ជាក់ស្តែងនៅលើដី និងរាំងស្ទះដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់លំនៅឋានរបស់ខ្លួន។ ជាមួយគ្នានេះ កម្ពុជាបានបង្ហាញការគាំទ្រឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តអនុវត្តការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានការណ៍តាមបន្ទាត់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។

កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតាមបន្ទាត់ព្រំដែន ដោយផ្តល់អាទិភាពដល់ការសន្ទនា ការទំនាក់ទំនង និងការសម្របសម្រួលតាមរយៈយន្តការដែលមានស្រាប់។ ក្រសួងការពារជាតិក៏បានអះអាងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធ ដើម្បីឱ្យស្ថានការណ៍ប្រសើរឡើង និងវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែង។

ប្រភព៖ ក្រសួងការពារជាតិ

https://www.facebook.com/share/p/19diRHScAA/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ
ប្រភព៖ ក្រសួងការពារជាតិ