International
តៃវ៉ាន់បង្កើនការចំណាយយោធា ៤,៦ពាន់លានដុល្លារបន្ថែម ដើម្បីពង្រឹងសមត្ថភាពមីស៊ីល និងដ្រូន

ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ — គណៈរដ្ឋមន្ត្រីតៃវ៉ាន់ បានស្នើបន្ថែមថវិកាចំនួន ១៤៥,៧ពាន់លានដុល្លារតៃវ៉ាន់ ស្មើប្រមាណ ៤,៦ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយផ្នែកការពារជាតិក្នុងឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាពយោធា ជាពិសេសប្រព័ន្ធមីស៊ីល ដ្រូន និងប្រព័ន្ធការពារជាតិផ្សេងៗ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
សារព័ត៌មាន Reuters បានឱ្យដឹងថាថវិកាបន្ថែមនេះ នឹងរួមបញ្ចូលការទិញប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលបាលីស្ទិកកម្រិតមធ្យម ដែលក្រសួងការពារជាតិតៃវ៉ាន់ធ្លាប់បញ្ជាក់ថា គឺជាប្រព័ន្ធមីស៊ីល Strong Bow ដែលអភិវឌ្ឍក្នុងស្រុក។ លើសពីនេះ តៃវ៉ាន់គ្រោងទិញដ្រូនសម្រាប់ឃ្លាំមើល និងស៊ើបការណ៍តាមឆ្នេរជាង ៦០០គ្រឿង ដ្រូនវាយប្រហារតាមឆ្នេរជាង ៤០,០០០គ្រឿង និងទូកគ្មានមនុស្សបើកខ្នាតតូចប្រភេទវាយប្រហារតែមួយដងជាង ១០០គ្រឿង។
ប្រភពដដែលបានឱ្យដឹងថា ក្នុងថវិកាបន្ថែមចំនួន ១៤៥,៧ពាន់លានដុល្លារតៃវ៉ាន់ ប្រមាណ ១៣៣,៤ពាន់លានដុល្លារតៃវ៉ាន់ នឹងត្រូវប្រើសម្រាប់ការវិនិយោគផ្នែកយោធា ខណៈថវិកាផ្សេងទៀតនឹងបែងចែកសម្រាប់គម្រោងការពារជាតិចំនួន៧ និងកម្មវិធីការពារជាតិពីរដែលមិនទាន់ត្រូវបានបង្ហាញព័ត៌មានលម្អិត។ ប្រភពផ្សេងទៀតក៏បានរាយការណ៍ដែរថា ថវិកាបន្ថែមនេះនឹងធ្វើឱ្យការចំណាយផ្នែកការពារជាតិរបស់តៃវ៉ាន់ក្នុងឆ្នាំ២០២៦ កើនលើស ១ទ្រីលានដុល្លារតៃវ៉ាន់ជាលើកដំបូង។
ការបង្កើនចំណាយយោធានេះ កើតឡើងចំពេលតៃវ៉ាន់កំពុងពន្លឿនការធ្វើទំនើបកម្មវិស័យការពារជាតិ ដោយសារសម្ពាធយោធាពីប្រទេសចិនកាន់តែខ្លាំង។ កាលពីខែឧសភា សភាតៃវ៉ាន់ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានអនុម័តថវិកាការពារជាតិបន្ថែមប្រមាណ ២៥ពាន់លានដុល្លារអាមេរិក ដោយផ្តោតសំខាន់លើការទិញអាវុធពីសហរដ្ឋអាមេរិក។
សម្រាប់ឆ្នាំ២០២៧ រដ្ឋាភិបាលតៃវ៉ាន់ក៏បានស្នើថវិកាការពារជាតិសរុបចំនួន ១,១២២.៥ពាន់លានដុល្លារតៃវ៉ាន់ ខណៈប្រធានាធិបតី លោក ឡាយ ឈីងតឺ (Lai Ching-te) បានគាំទ្រការបង្កើនចំណាយលើការការពារជាតិ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់៕
ប្រភព៖ Defence news
Reuters
រាយការណ៍ដោយ៖ The Khmer Today


