National
មន្ត្រីគយនៅព្រលានតេជោឃាត់ខ្លួនជនបរទេសម្នាក់ សង្ស័យលួចដាក់កញ្ឆា ៣៤,៥ គីឡូក្រាម ចេញពីកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦- មន្ត្រីគយនិងរដ្ឋាករ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានឃាត់ត្រួតពិនិត្យ និងរកឃើញកញ្ឆាចំនួន ៧១ដុំ មានទម្ងន់សុទ្ធសរុប ៣៤,៥ គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:២៥នាទីល្ងាច នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការត្រួតពិនិត្យធ្វើឡើង បន្ទាប់ពីមន្ត្រីគយទទួលបានព័ត៌មានពីប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ព្រមទាំងរូបភាពគួរឱ្យសង្ស័យដែលបង្ហាញតាមម៉ាស៊ីនស្កេន។ ក្នុងប្រតិបត្តិការនេះ មន្ត្រីគយបានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៧១ដុំ និងបានធ្វើកំណត់ហេតុតាមនីតិវិធីពាក់ព័ន្ធ។
ក្រោយបំពេញនីតិវិធីបឋមរួច មន្ត្រីគយនិងរដ្ឋាករបានប្រគល់ ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។
ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
https://www.facebook.com/share/p/1FEu3Hhtbz/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


