National
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍៦ចំណុច ជំរុញការងារអក្ខរកម្ម និងការអប់រំពេញមួយជីវិត

ភ្នំពេញ៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦- ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញអនុសាសន៍ចំនួន ៦ចំណុច ដើម្បីជំរុញការងារអក្ខរកម្ម និងការអប់រំពេញមួយជីវិត សំដៅលើកកម្ពស់គុណភាពអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន។ សារលិខិតរបស់សម្តេចធិបតី ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន»។
ក្នុងអនុសាសន៍ទី១ សម្តេចធិបតីបានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា និងយន្តការចាំបាច់ ដើម្បីពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម និងធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត។ ទី២ ត្រូវបង្កើតកម្មវិធីអប់រំ និងកម្មវិធីសិក្សាពេញមួយជីវិតឱ្យកាន់តែសម្បូរបែប រួមមានអក្ខរកម្ម ជំនាញវិជ្ជាជីវៈ ឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីអប់រំពហុភាសាសម្រាប់ជនជាតិដើមភាគតិច ដោយមិនរើសអើងជាតិសាសន៍ ភាសា និងវប្បធម៌។
ទី៣ សម្តេចធិបតីបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមជំរុញការប្រមូលសិស្សចូលរៀន អភិវឌ្ឍមជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងមជ្ឈមណ្ឌលយុវជន ព្រមទាំងជំរុញអ្នកដែលបោះបង់ការសិក្សាឱ្យមានឱកាសរៀនសូត្រឡើងវិញ។ ទី៤ ស្នើឱ្យរោងចក្រ សហគ្រាស សិប្បកម្ម ក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ បន្តបើកថ្នាក់អក្ខរកម្មភ្ជាប់ជាមួយការប្រើប្រាស់បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់កម្មករ កម្មការិនី បុគ្គលិក និងជនជាប់ឃុំ ដើម្បីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។
ចំណែកអនុសាសន៍ទី៥ សម្តេចធិបតីបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បង្កើត និងផ្សព្វផ្សាយកម្មវិធីអក្ខរកម្មឱ្យបានទូលំទូលាយ ជាពិសេសអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងអក្ខរកម្មព័ត៌មានវិទ្យា ដើម្បីឱ្យប្រជាពលរដ្ឋអាចស្វែងរក វាយតម្លៃ ប្រើប្រាស់ និងចែករំលែកព័ត៌មានតាមអ៊ីនធឺណិតដោយមានសុវត្ថិភាព និងក្រមសីលធម៌។
ទី៦ សម្តេចធិបតីបានអំពាវនាវដល់ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិ រួមគ្នាកៀរគរធនធាន និងចែករំលែកបទពិសោធ ដើម្បីពង្រឹង និងពង្រីកកម្មវិធីអក្ខរកម្មឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន៕
ប្រភព៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត
https://www.facebook.com/share/p/19ULgdPchD/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today