International
ប្រជាជនថៃរាប់សិបនាក់នាំគ្នាទៅធ្វើពិធីបិទសន្លឹកមាសលើមុខ ដើម្បីសុំសំណាង ខណៈពួកគេជួបការលំបាកផ្នែកសេដ្ឋកិច្ច

ភ្នំពេញ៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦-ប្រជាជនថៃរាប់សិបនាក់បាននាំគ្នាទៅកាន់ឧទ្យាន Por Kae Ngoen Lan ក្នុងខេត្តអយុធ្យា ដើម្បីចូលរួមពិធីបិទសន្លឹកមាសលើមុខ សុំសំណាង និងភាពរុងរឿង ខណៈប្រទេសថៃកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចយឺត ការកើនឡើងនៃថ្លៃចំណាយ និងការថយចុះនៃការចំណាយរបស់ប្រជាជន។
ឧទ្យាននេះត្រូវបានគេស្គាល់ដោយសារប្រពៃណី «វាយស្គរហៅទ្រព្យ» និងមានរូបសំណាក Por Kae ដែលជាឥសី និងអ្នកប្រាជ្ញបុរាណមួយរូប ត្រូវបានប្រជាជនថៃគោរពថាជាអ្នកមានប្រាជ្ញាបុរាណ និងជាអ្នកការពារអ្នកដែលស្វែងរកសំណាង។ អ្នកចូលរួមបានអង្គុយរង់ចាំតាមលំដាប់ មុនឈានទៅមុខដើម្បីឱ្យសន្លឹកមាសត្រូវបានបិទលើថ្ងាស ថ្ពាល់ និងចង្កា រហូតធ្វើឱ្យមុខរបស់ពួកគេប្រែជាពណ៌មាសភ្លឺចាំងក្រោមពន្លឺថ្ងៃ។
ពិធីនេះត្រូវបានធ្វើឡើងដោយគ្រូពិធី Tong Aek Banturaratchasi អាយុ៣៥ឆ្នាំ ដែលបានឱ្យដឹងថា ចំនួនអ្នកមកចូលរួមពិធីបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សម្រាប់អ្នកចូលរួមជាច្រើន ការបិទសន្លឹកមាសលើមុខមិនមែនគ្រាន់តែជាការតុបតែង ឬជំនឿសុំសំណាងនោះទេ ប៉ុន្តែក៏ជានិមិត្តសញ្ញានៃការផ្តល់កម្លាំងចិត្ត និងការស្តារទំនុកចិត្តលើខ្លួនឯងផងដែរ។
គ្រូពិធីបានចាត់ទុកឧទ្យាននេះថា ជា «ទីជម្រកផ្លូវចិត្ត» សម្រាប់មនុស្សដែលកំពុងជួបការលំបាក និងតស៊ូរក្សាជីវភាពរស់នៅ។ សម្រាប់អ្នកដែលចូលរួម ការបិទមាសលើមុខត្រូវបានចាត់ទុកថា ជាវិធីមួយក្នុងការស្វែងរកក្តីសង្ឃឹម និងកម្លាំងចិត្ត ដើម្បីបន្តប្រឈមមុខនឹងបញ្ហាជីវភាព និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច៕
ប្រភព៖ Reuters
https://www.facebook.com/share/v/1Ga3o72epC/
រាយការណ៍ដោយ៖ The Khmer Today


