National
រាជរដ្ឋាភិបាលបញ្ចេញថវិកាជាង ២១៣ ប៊ីលានរៀលក្នុងឆ្នាំ២០២៦ ដើម្បីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជថវិកាជាង ២១៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៣ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦ ដើម្បីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៅទូទាំងប្រទេស។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមទារក និងកុមារ។
បច្ចុប្បន្ន កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ រួមមាន គ្រួសារមានបណ្ណសមធម៌, កម្មករ-និយោជិតជាសមាជិក ប.ស.ស, មន្ត្រីរាជការស៊ីវិល មន្ត្រីកិច្ចសន្យា និងមន្ត្រីកម្មសិក្សា, មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ ព្រមទាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។
តាមទិន្នន័យដែលបានបញ្ជាក់ វិសាលភាពនៃការគ្របដណ្តប់កម្មវិធីនេះ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយចំនួនអ្នកទទួលផលបានកើនពី ១ ១០៦ ៦៣០នាក់ នៅចុងឆ្នាំ២០២៣ ដល់ ២ ២៥២ ២៦៧នាក់ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ ស្មើនឹងកំណើនប្រមាណ ១០៣,៥២%។
ការពង្រីកការគ្របដណ្តប់នេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋ និងវិនិយោគលើធនធានមនុស្សចាប់ពីពេលស្ថិតក្នុងផ្ទៃមាតា រហូតដល់អាយុ២ឆ្នាំ ដែលជាដំណាក់កាល ១ ០០០ថ្ងៃដំបូងនៃជីវិត។
កម្មវិធីនេះក៏ជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ផងដែរ។
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម
https://www.facebook.com/share/p/19jC6HbDxf/
រាយការណ៍ដោយ៖ The Khmer Today


