International

September 8, 2026 at 10:10 AM
Melea_Sovannary

ក្រោយនាវាចម្បាំងអាមេរិកចាកចេញពីថៃ យន្តហោះចម្បាំង F-2 ជប៉ុនបង្ហាញវត្តមាននៅថៃជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ក្រោយនាវាចម្បាំងអាមេរិកចាកចេញពីថៃ យន្តហោះចម្បាំង F-2 ជប៉ុនបង្ហាញវត្តមាននៅថៃជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ – ក្រោយនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln របស់សហរដ្ឋអាមេរិក និងកងនាវាវាយប្រហាររបស់ខ្លួនបានចាកចេញពីប្រទេសថៃ កាលពីថ្ងៃទី៦ ខែកញ្ញា យន្តហោះចម្បាំង F-2A របស់កងកម្លាំងការពារដែនអាកាសជប៉ុន (JASDF) បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិអ៊ូតាប៉ាវ ខេត្តរ៉ាយ៉ង កាលពីថ្ងៃទី៦ ខែកញ្ញា ដើម្បីចាក់ប្រេងឥន្ធនៈ មុនបន្តដំណើរទៅប្រទេសឥណ្ឌា។ ការចុះចតនេះត្រូវបានរាយការណ៍ថា ជាលើកដំបូងដែលយន្តហោះចម្បាំងរបស់ជប៉ុនបានចុះចតនៅប្រទេសថៃ ចាប់តាំងពីសង្គ្រាមលោកលើកទី២បញ្ចប់។

តាមផែនការរបស់ JASDF ជប៉ុនបានបញ្ជូនយន្តហោះ F-2A ចំនួន៣គ្រឿង និងកងកម្លាំងប្រមាណ១១០នាក់ ទៅចូលរួមសមយុទ្ធទ័ពអាកាស Veer Guardian 26 ជាមួយកងទ័ពអាកាសឥណ្ឌា ដែលគ្រោងធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសចោតពួរ ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែកញ្ញា។ ការឈប់នៅអ៊ូតាប៉ាវ គឺសម្រាប់សម្រាក និងបំពេញប្រេងក្នុងដំណើរហោះហើរចម្ងាយឆ្ងាយប៉ុណ្ណោះ ខណៈថៃមិនបានចូលរួមក្នុងសមយុទ្ធនេះឡើយ។ F-2 ជាយន្តហោះចម្បាំងដែលជប៉ុន និងសហរដ្ឋអាមេរិកសហការអភិវឌ្ឍ ដោយយក F-16 ជាមូលដ្ឋាន ប៉ុន្តែបានកែសម្រួលបច្ចេកវិទ្យា និងសមត្ថភាពឱ្យសមស្របនឹងតម្រូវការរបស់ជប៉ុន។

ដោយឡែក នាវា USS Abraham Lincoln និងកងនាវាវាយប្រហាររបស់អាមេរិក បានបញ្ចប់ការឈប់សម្រាកនៅប្រទេសថៃ និងចាកចេញកាលពីថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីស្នាក់នៅចន្លោះថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា។ កងទ័ពជើងទឹក និងកងម៉ារីនអាមេរិកជិត៥,០០០នាក់ បានឡើងគោកសម្រាក និងទេសចរណ៍នៅប៉ាតាយ៉ា បន្ទាប់ពីបំពេញបេសកកម្មនៅសមុទ្រជាប់គ្នាអស់រយៈពេលជាង២៨៦ថ្ងៃ។ អាជ្ញាធរមូលដ្ឋានបានប៉ាន់ប្រមាណថា ការចំណាយរបស់កងកម្លាំងអាមេរិកអាចបង្កើតចរន្តសេដ្ឋកិច្ចប្រមាណ៥០ ដល់១០០លានបាត ដោយផ្តល់ផលប្រយោជន៍ដល់អាជីវកម្មម្ហូបអាហារ សណ្ឋាគារ ហាងលក់រាយ ការដឹកជញ្ជូន និងវិស័យទេសចរណ៍ក្នុងតំបន់។

ប្រភព៖ TheThaiger

https://thethaiger.com/th/news/1606321/

ThaiPBS

https://www.thaipbs.or.th/news/content/557555

Tribunerndia

https://www.tribuneindia.com/news/india/japans-f-2-variant-of-f-16-used-by-pakistan-to-make-india-debut-during-veer-guardian/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ TheThaiger
ប្រភព៖ TheThaiger
ប្រភព៖ TheThaiger
ប្រភព៖ TheThaiger
ប្រភព៖ TheThaiger
ប្រភព៖ TheThaiger