International
បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់ ចាក់សម្លាប់ជនរួមជាតិខ្លួនក្នុងរោងកម្មករនៅប៉ាតាយ៉ា ក្រោយឈ្លោះគ្នាក្នុងវង់ផឹក

ប៉ាតាយ៉ា ប្រទេសថៃ៖ បុរសជនជាតិមីយ៉ាន់ម៉ាអាយុ ៤១ឆ្នាំម្នាក់ ត្រូវបានប៉ូលិសថៃចាប់ខ្លួន បន្ទាប់ពីរូបគេបានប្រើកាំបិតចាក់សម្លាប់បុរសជនរួមជាតិម្នាក់ ក្រោយកើតមានជម្លោះក្នុងវង់ផឹកស្រា នៅរោងកម្មករមួយកន្លែងក្បែរតំបន់ឧស្សាហកម្មរ៉ូចាណា ក្នុងតំបន់តាខៀនធៀ ស្រុកបាងឡាមុង ខេត្តឈុនបុរី កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
ប៉ូលិសបានទទួលសេចក្តីរាយការណ៍នៅម៉ោងប្រមាណ ៣:៣០នាទីរសៀល ហើយបានចុះទៅកាន់កន្លែងកើតហេតុជាមួយក្រុមសង្គ្រោះ។ នៅទីនោះ មន្ត្រីបានប្រទះឃើញបុរសជនជាតិមីយ៉ាន់ម៉ាម្នាក់ អាយុប្រមាណ ៣០ទៅ៤០ឆ្នាំ ដេកក្នុងថ្លុកឈាម និងមានសភាពដកដង្ហើមខ្សោយ។ ជនរងគ្រោះមានរបួសដោយសារកាំបិតចាក់ចំកណ្តាលផ្ទៃមុខ ក្រោមក្លៀកខាងឆ្វេង និងរបួសកាត់នៅដៃខាងឆ្វេង។ ក្រុមសង្គ្រោះបានធ្វើចលនាបេះដូង និងជួយសង្គ្រោះបឋម មុនបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យមិនអាចសង្គ្រោះជីវិតបានឡើយ។
ជនសង្ស័យឈ្មោះ Ngern អាយុ ៤១ឆ្នាំ ជាជនជាតិមីយ៉ាន់ម៉ា ត្រូវបានរកឃើញនៅកន្លែងកើតហេតុក្នុងសភាពស្រវឹងខ្លាំង និងនៅកាន់កាំបិតផ្ទះបាយប្រវែងប្រមាណ ៣០សង់ទីម៉ែត្រ។ ប៉ូលិសបានព័ទ្ធជុំវិញ និងព្យាយាមចរចាឱ្យគេចុះចាញ់អស់រយៈពេលជាង ៣០នាទី ប៉ុន្តែជនសង្ស័យមិនព្រមប្រគល់ខ្លួន ហើយថែមទាំងប្រឈមមុខឱ្យប៉ូលិសបាញ់។ នៅពេលជនសង្ស័យបន្ថយការប្រុងប្រយ័ត្ន ប៉ូលិសបានចូលឃាត់ខ្លួន ប៉ុន្តែក្នុងពេលប្រតាយប្រតប់ មន្ត្រីប៉ូលិសម្នាក់បានរងរបួសតិចតួចនៅដៃខាងស្តាំ។
តាមការស៊ើបអង្កេតបឋម អ្នកទាំងពីរបានផឹកស្រាជាមួយគ្នានៅក្នុងបន្ទប់ស្នាក់នៅ ដែលជាកុងតឺន័របម្លែងជារោងកម្មករ រហូតកើតមានជម្លោះ ហើយជនរងគ្រោះបានរត់ចេញពីបន្ទប់ មុនដួលនៅមុខបន្ទប់ទឹក។ ជនសង្ស័យបានអះអាងថា ជនរងគ្រោះបានយកវត្ថុរឹងវាយចំចិញ្ចើមខាងឆ្វេងរបស់ខ្លួនមុន ទើបខ្លួនខឹង និងយកកាំបិតចាក់តបវិញ។
ទោះជាយ៉ាងណា ប៉ូលិសមិនទាន់ទទួលយកការអះអាងនេះជាការពិតនៅឡើយទេ ហើយកំពុងបន្តស៊ើបអង្កេត ដើម្បីបញ្ជាក់ពីមូលហេតុ និងស្ថានការណ៍ពិតប្រាកដនៃការស្លាប់របស់ជនរងគ្រោះ។
ប្រភព៖ Pattayanews
រាយការណ៍ដោយ ៖ The Khmer Today


