National
ចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី៧ កញ្ញា កម្ពុជាអះអាងថា ថៃបន្តវាយផ្ទះប្រជាពលរដ្ឋ និងសាងសង់លេណដ្ឋានក្នុងទឹកដីកម្ពុជា

ភ្នំពេញ៖ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦- រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសកម្មភាពដែលកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ កម្ពុជាអះអាងថា នៅថ្ងៃទី៣១ ខែសីហា កងកម្លាំងថៃបានវាយកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបន្ទាប់មកបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធាអចិន្ត្រៃយ៍។
កម្ពុជាបន្តថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា កងកម្លាំងថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ទៅសាងសង់លេណដ្ឋានយោធា នៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែកចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា កងកម្លាំងថៃត្រូវបានអះអាងថា បានប្រើម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈនៅថ្ងៃទី៧ ខែកញ្ញា ក៏បានវាយបំផ្លាញសំណង់ស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ក្នុងឃុំ និងស្រុកដដែល។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសកម្មភាពខាងលើថា ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងអស់ ព្រមទាំងគោរពកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ កម្ពុជាបានបញ្ជាក់ជាថ្មីថា ខ្លួនមិនទទួលស្គាល់ការទាមទារទឹកដី ឬខ្សែបន្ទាត់ព្រំដែនណាមួយដែលធ្វើឡើងដោយឯកតោភាគីឡើយ ហើយនឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ
https://web.facebook.com/share/p/1C6XAoAX7s/
រាយការណ៍ដោយ៖ The Khmer Today


