National
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពយោធាថៃ ដែលបន្តសាងសង់លេណដ្ឋាន និងសំណង់ថ្មីៗលើទឹកដីកម្ពុជា

ភ្នំពេញ៖ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦- រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលកម្ពុជាចាត់ទុកថា ជាការរំលោភបំពានជាបន្តបន្ទាប់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅតំបន់មួយចំនួនដែលកម្ពុជាអះអាងថា ត្រូវបានកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបានលើកឡើងថា កាលពីថ្ងៃទី៣១ ខែសីហា កងកម្លាំងថៃបានវាយកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយ និងលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធាអចិន្ត្រៃយ៍។
កម្ពុជាបន្តអះអាងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ទៅសាងសង់លេណដ្ឋានយោធា នៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែកចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា កងកម្លាំងថៃត្រូវបានកម្ពុជាចោទថា បានប្រើម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈនៅថ្ងៃទី៧ ខែកញ្ញា ក៏មានការវាយបំផ្លាញសំណង់ស៊ីវិលរបស់កម្ពុជានៅភូមិព្រៃចាន់ ក្នុងឃុំ និងស្រុកដដែល។
ជាមួយគ្នានេះ កម្ពុជាក៏បានតវ៉ាចំពោះការចុះពិនិត្យទីតាំងមួយចំនួននៅតំបន់អូរស្មាច់ កាលពីថ្ងៃទី៧ ខែកញ្ញា ដោយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) ដឹកនាំដោយនាយឧត្តមសេនីយ៍ទ័ពជើងអាកាសថៃ Papas Sornchadee រួមជាមួយអ្នកសារព័ត៌មានថៃ និងបរទេស។
កម្ពុជាចាត់ទុកការចូលទៅកាន់ទីតាំងទាំងនេះដោយគ្មានការអនុញ្ញាតថា ជាសកម្មភាពខុសច្បាប់នៃការអនុវត្តអំណាចរដ្ឋបាលរបស់ថៃលើទឹកដីកម្ពុជា និងបានបដិសេធការយកហេតុផលបង្ក្រាបបទល្មើសមកធ្វើជាមូលហេតុសម្រាប់ការចូលមកក្នុងទឹកដីកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា សកម្មភាពទាំងនេះផ្ទុយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងគោរពការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ កម្ពុជាក៏បានបញ្ជាក់ជាថ្មីថា ខ្លួនមិនទទួលស្គាល់ការទាមទារទឹកដី ឬខ្សែបន្ទាត់ព្រំដែនណាមួយដែលធ្វើឡើងដោយឯកតោភាគី ហើយនឹងបន្តដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ
https://web.facebook.com/share/p/1C6XAoAX7s/
រាយការណ៍ដោយ៖ The Khmer Today


