International

September 9, 2026 at 11:01 AM
Melea_Sovannary

ឧត្តមសេនីយ៍អាកាសថៃ រៀបចំសាច់អាំងជូនទាហានជួរមុខ និងអះអាងថា កងកម្លាំងថៃត្រៀមខ្លួនរួចជាស្រេច

ឧត្តមសេនីយ៍អាកាសថៃ រៀបចំសាច់អាំងជូនទាហានជួរមុខ និងអះអាងថា កងកម្លាំងថៃត្រៀមខ្លួនរួចជាស្រេច

ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦- លោកឧត្តមសេនីយ៍អាកាស ប្រផាស សនចៃឌី ជំនួយការមេបញ្ជាការកងទ័ពអាកាសថៃ និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) បានចុះទៅកាន់តំបន់ច្រកព្រំដែនអូរស្មាច់ កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ដើម្បីជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងថៃដែលកំពុងឈរជើងនៅតាមបណ្តាគោលដៅជួរមុខ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍អាកាសបានរៀបចំ សាច់អាំងបែបថៃ ជូនទាហានជួរមុខទទួលទានរួមគ្នា ដើម្បីបង្កើនកម្លាំងចិត្ត និងស្មារតីដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ សកម្មភាពនេះក៏ត្រូវបានចាត់ទុកថា ជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅតំបន់ជួរមុខ។

លោកប្រផាសបានថ្លែងអំណរគុណដល់កងទ័ពគ្រប់រូប ដែលបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន និងបានអះអាងថា កងកម្លាំងថៃនៅតែមានកម្លាំងចិត្តល្អ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញភារកិច្ចរក្សាសន្តិសុខ និងការពារអធិបតេយ្យភាពរបស់ថៃតាមបណ្តោយព្រំដែន។

តាមការរាយការណ៍ ការរៀបចំសាច់អាំងជូនកងទ័ពនេះ បានបង្កើតបរិយាកាសស្និទ្ធស្នាល និងជួយបន្ធូរភាពតានតឹងពីការបំពេញភារកិច្ចនៅជួរមុខ ខណៈកងកម្លាំងថៃបានបញ្ជាក់ពីការត្រៀមខ្លួនបន្តបំពេញភារកិច្ចការពារសន្តិសុខ និងទឹកដីរបស់ខ្លួនយ៉ាងពេញលេញ។

ស្របពេលជាមួយគ្នានេះដែរ ខាងកម្ពុជាក៏បានចេញតវ៉ាថ្មីៗជាបន្តបន្ទាប់ពាក់ព័ន្ធនឹងសកម្មភាពយោធាថៃរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា តែគិតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបអ្វីពីភាគីថៃឡើយទេ ក្រៅពីការអះអាងថាខ្លួននៅរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់។

ប្រភព៖ Matichon

https://www.matichon.co.th/politics/news_5881503

រាយការណ៍ដោយ៖ The Khmer Today

ប្រភពរូបពី៖ Matichon
ប្រភពរូបពី៖ Matichon
ប្រភពរូបពី៖ Matichon
ប្រភពរូបពី៖ Matichon
ប្រភពរូបពី៖ Matichon
ប្រភពរូបពី៖ Matichon