National
កម្លាំងសឹករងកំពង់ធំ រឹបអូសឈើប្រណីត ៣៤កំណាត់ នៅស្រុកសណ្ដាន់ ខណៈជនសង្ស័យរត់គេចខ្លួនបាត់

ភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦- កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរឹបអូសឈើប្រណីតចំនួន ៣៤កំណាត់ បន្ទាប់ពីទទួលបានព័ត៌មានថា មានក្រុមជនសង្ស័យកំពុងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់ច្រកព្រះអាទិត្យ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា ជនសង្ស័យបានរត់គេចខ្លួនបាត់ មុនពេលកម្លាំងចុះទៅដល់ទីតាំង ដោយបានកាប់ខ្សែទម្លាក់ឈើចេញពីគោយន្ត ដើម្បីឱ្យស្រាល និងងាយរត់គេច។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឱ្យដឹងថា កម្លាំងបានទទួលព័ត៌មានពីប្រភពសម្ងាត់ថា មានគោយន្តកន្ត្រៃប្រមាណ ៤ទៅ៥គ្រឿង កំពុងដឹកជញ្ជូនឈើមូលប្រភេទឈើប្រណីត ឆ្លងកាត់តំបន់ច្រកព្រះអាទិត្យ ដើម្បីយកទៅដឹកជញ្ជូនបន្តសម្រាប់ធ្វើអាជីវកម្ម។ បន្ទាប់ពីទទួលបានព័ត៌មាន លោកបានបញ្ជាឱ្យកម្លាំងផ្នែកសឹករងសណ្ដាន់ ចុះត្រួតពិនិត្យ និងបង្ក្រាបជាបន្ទាន់។
លោកបន្តថា នៅមុនពេលកម្លាំងទៅដល់គោលដៅ ក្រុមជនសង្ស័យបានដឹងពីព័ត៌មាននេះបាត់ទៅហើយ និងបានកាប់ទម្លាក់ឈើចេញពីគោយន្ត រួចបើកគេចខ្លួនបាត់។ កម្លាំងបានរកឃើញឈើប្រណីតចំនួន៣៤កំណាត់ ដែលក្រុមជនសង្ស័យបានបន្សល់ទុកនៅតំបន់ច្រកព្រះអាទិត្យ។ ឈើទាំងនេះត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើទំរីង ស្រុកសណ្ដាន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើឱ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បន្តស្រាវជ្រាវស្វែងរកមុខសញ្ញាដែលពាក់ព័ន្ធការកាប់ឈើ និងដឹកជញ្ជូនឈើប្រណីតខុសច្បាប់នេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ តាមព័ត៌មានដែលលោកទទួលបាន ក្រុមជនសង្ស័យនេះត្រូវបានសង្ស័យថា ធ្លាប់ធ្វើសកម្មភាពលួចកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ជាបន្តបន្ទាប់កន្លងមក។ ហើយអាចមានខ្សែបណ្ដាញថែមទៀតផង ទើបព័ត៌មានត្រូវបានបែកធ្លាយបែបនេះ។
ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
https://web.facebook.com/share/p/1Cr4ACr6mA/
រាយការណ៍ដោយ៖ The Khmer Today


