National
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា

ភ្នំពេញ៖ គណៈកម្មការផ្សះផ្សា ដែលបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញដំណើរការដោះស្រាយវិវាទដែនសមុទ្ររវាងប្រទេសទាំងពីរតាមមធ្យោបាយសន្តិវិធី។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា កម្ពុជាស្វាគមន៍ចំពោះជំហានបន្ទាប់នេះ ហើយនឹងតំណាងដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនាមជាភ្នាក់ងាររង ព្រមទាំងគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជា។
ជំនួបនិងការពិភាក្សានេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា ដែលត្រូវនឹងម៉ោង៩ព្រឹកនៅប្រទេសសិង្ហបុរី។ សុន្ទរកថាបើកនេះ នឹងបើកផ្សាយជាសាធារណៈជាភាសាខ្មែរ អង់គ្លេស និងថៃ ខណៈសុន្ទរកថាបើករបស់កម្ពុជា នឹងថ្លែងដោយឯកឧត្តម ប្រាក់ សុខុន។
ក្រសួងការបរទេសបញ្ជាក់ថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS មិនមែនជាដំណើរការវិនិច្ឆ័យក្តីនោះទេ ប៉ុន្តែជាយន្តការដែលមានគណៈកម្មការអព្យាក្រឹតជួយភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយតាមសន្តិវិធី។ យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់រវាងទីម័រ-ឡេស្តេ និងអូស្ត្រាលី ហើយបានឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ នៅឆ្នាំ២០១៨។
កម្ពុជាបានបញ្ជាក់ថា ខ្លួនសង្ឃឹមថា ដំណើរការផ្សះផ្សានេះនឹងជួយឱ្យកម្ពុជា និងថៃឈានទៅរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងចំពោះវិវាទដែនសមុទ្រ រួមទាំងអាចបើកផ្លូវឱ្យមានការរុករកធនធានប្រេង និងឧស្ម័ននៅតំបន់ដែលមានការទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ
https://web.facebook.com/share/p/1EHYU5VTgs/
រាយការណ៍ដោយ៖ The Khmer Today


