National

September 10, 2026 at 10:01 AM
Melea_Sovannary

ក្រសួងរៀបចំដែនដី ព្រមានម្ចាស់គណនី «តន់ ចន្ទសីម៉ា» អាចប្រឈមផ្លូវច្បាប់ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត

ក្រសួងរៀបចំដែនដី ព្រមានម្ចាស់គណនី «តន់ ចន្ទសីម៉ា» អាចប្រឈមផ្លូវច្បាប់ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្រមានម្ចាស់គណនី Facebook ឈ្មោះ «Ton ChanSeyma តន់ ចន្ទសីម៉ា» ថា អាចប្រឈមនឹងផ្លូវច្បាប់ ពាក់ព័ន្ធការលើកឡើងដែលក្រសួងចាត់ទុកថា ជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានបញ្ជាក់ថា ការលើកឡើងតាមបណ្តាញសង្គម Facebook របស់គណនី «Ton ChanSeyma តន់ ចន្ទសីម៉ា» រួមជាមួយគណនី «Leng Navatra ឡេង ណាវ៉ាត្រា» និង «Leng Nimol ឡេង និមល» ត្រូវបានក្រសួងចាត់ទុកថា ជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម ដែលអាចមានចេតនាញុះញង់ និងបង្កចលាចល។

ក្រសួងបានលើកឡើងថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ហើយចាត់ទុកថា អាចជាការបំពានទាំងផ្នែកច្បាប់ និងសីលធម៌វិជ្ជាជីវៈ។

តាមសេចក្តីប្រកាសដដែល ក្រសួងបានបញ្ជាក់ថា សកម្មភាពពាក់ព័ន្ធអាចប្រឈមនឹងបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ រួមមាន មាត្រា៣០៥ ស្តីពីបទបរិហារកេរ្តិ៍ជាសាធារណៈ មាត្រា៤៩៤ ស្តីពីការញុះញង់ មាត្រា៤៩៥ ស្តីពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ មាត្រា៥០២ ស្តីពីបទប្រមាថ និងមាត្រា៥០៥ ស្តីពីបទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ។

ការព្រមានរបស់ក្រសួងកើតឡើងក្នុងពេលដែលក្រសួងកំពុងដឹកនាំសម្របសម្រួលដោះស្រាយបញ្ហាគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក រួមមានគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា និងគម្រោងជ្រៃមួយរយ ដែលក្រសួងបញ្ជាក់ថា មានអតិថិជនពាក់ព័ន្ធប្រមាណជាង៣៨,០០០គ្រួសារនៅទូទាំងប្រទេស។

ក្រសួងអះអាងថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសម្របសម្រួលសាងសង់បញ្ចប់ និងប្រគល់ផ្ទះជូនអតិថិជនបានចំនួន៥៩៨ផ្ទះ ព្រមទាំងបានចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនដែលបានបង់ប្រាក់គ្រប់១០០ភាគរយ ចំនួន៥,៩៧០បណ្ណ។ ចំណែកការចាក់បំពេញដីបន្ថែមនៅគម្រោងជ្រៃមួយរយ សម្រេចបានប្រមាណ៦០ភាគរយ។

ក្រសួងបានអំពាវនាវដល់អតិថិជន និងភាគីពាក់ព័ន្ធ បន្តចូលរួមដោះស្រាយបញ្ហាតាមយន្តការសម្របសម្រួលរបស់ក្រសួង ដោយប្រកាន់ខ្ជាប់នូវស្មារតីយោគយល់ អធ្យាស្រ័យ និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា នឹងបន្តដឹកនាំ និងសម្របសម្រួលដោះស្រាយវិបត្តិនៃគម្រោងជាប់តាំងទាំងនេះ ដើម្បីតម្កល់ផលប្រយោជន៍របស់អតិថិជនជាអាទិភាព៕

ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

https://web.facebook.com/share/p/1ETHVVPVrQ/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រភព: តន់ ចន្ទសីម៉ា
ប្រភព: តន់ ចន្ទសីម៉ា