National

September 10, 2026 at 4:26 PM
Melea_Sovannary

ក្រុមអ្នកជំនួញជប៉ុនប្រមាណ២០ ទៅ៣០ក្រុមហ៊ុន នឹងមកកម្ពុជានៅខែវិច្ឆិកា ដើម្បីស្វែងរកឱកាសវិនិយោគរួមទុន

ក្រុមអ្នកជំនួញជប៉ុនប្រមាណ២០ ទៅ៣០ក្រុមហ៊ុន នឹងមកកម្ពុជានៅខែវិច្ឆិកា ដើម្បីស្វែងរកឱកាសវិនិយោគរួមទុន

ភ្នំពេញ៖ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦- សមាគមជប៉ុន-កម្ពុជា (JCA) គ្រោងដឹកនាំគណៈប្រតិភូធុរកិច្ចជប៉ុនលើកទី៦ ដែលមានក្រុមហ៊ុនប្រមាណ២០ ទៅ៣០ក្រុមហ៊ុន មកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីជំរុញការវិនិយោគពីជប៉ុនមកកម្ពុជា និងស្វែងរកឱកាសបង្កើតភាពជាដៃគូជាមួយសហគ្រាសក្នុងស្រុក។ ការគ្រោងនេះត្រូវបានលើកឡើងក្នុងជំនួបរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ JCA ដឹកនាំដោយ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា។

សមាគមជប៉ុន-កម្ពុជា បានស្នើសុំការគាំទ្រពីក្រសួង ក្នុងការផ្គូផ្គងក្រុមហ៊ុនជប៉ុនជាមួយដៃគូអាជីវកម្មក្នុងស្រុកដែលមានសក្តានុពល ដើម្បីឈានទៅបង្កើតសហគ្រាសរួមទុនជាក់ស្តែង។ សមាគមក៏បានបង្ហាញគម្រោងសាកល្បងមួយចំនួន ដូចជា ការកែច្នៃសូត្រមាសកម្ពុជាសម្រាប់ផលិតផលគ្រឿងសម្អាង ការចិញ្ចឹម និងកែច្នៃត្រីទីឡាបយ៉ា ការកែច្នៃផ្លែខ្នុរ និងគម្រោងពាក់ព័ន្ធនឹងឧស្សាហកម្មឌីជីថល ព្រមទាំងពិភាក្សាអំពីការផ្ទេរបច្ចេកវិទ្យា និងការការពារកម្មសិទ្ធិបញ្ញា។

ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តក្រុមហ៊ុនជប៉ុនឱ្យស្វែងរកឱកាសវិនិយោគក្នុងមូលដ្ឋានឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជា ជាពិសេសឧស្សាហកម្មគាំទ្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច គ្រឿងបន្លាស់ និងសេវាកម្មដល់វិស័យកាត់ដេរ និងវាយនភណ្ឌ យានយន្ត គ្រឿងម៉ាស៊ីន និងផលិតកម្មផ្សេងទៀត។

លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសក្តានុពលកសិឧស្សាហកម្មកម្ពុជា ក្នុងការបង្កើនតម្លៃបន្ថែមដល់កសិផលខ្មែរ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ខណៈភាគីទាំងពីរបង្ហាញបំណងប្រែក្លាយគម្រោង និងគំនិតដែលបានពិភាក្សា ទៅជាការវិនិយោគជាក់ស្តែងនៅកម្ពុជា៕

ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ

https://www.facebook.com/share/p/1C2nXXHRat/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ