International

September 11, 2026 at 10:54 AM
Melea_Sovannary

កងកម្លាំងថៃប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធនៅភាគខាងត្បូង បណ្ដាលស្លាប់២នាក់

កងកម្លាំងថៃប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធនៅភាគខាងត្បូង បណ្ដាលស្លាប់២នាក់

ភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦- កងកម្លាំងប្រតិបត្តិការពិសេសរួមរបស់ថៃ សហការជាមួយអង្គភាពយោធា ប៉ូលិស និងស្ថាប័នពាក់ព័ន្ធ បានប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធនៅតំបន់ព្រៃភ្នំជួរភ្នំតាវេ (Tawae ) ក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ បណ្ដាលឱ្យសមាជិកក្រុមប្រដាប់អាវុធ២នាក់ស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ១២:៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់ព្រំប្រទល់រវាងឃុំបងអ័រ ស្រុករ៉ាអង់ហ្គេ និងឃុំចួប ស្រុកចៅអៃរ៉ុង ខេត្តណារ៉ាធីវ៉ាត់ ខណៈកម្លាំងសន្តិសុខថៃចុះប្រតិបត្តិការស្វែងរក និងកំណត់ទីតាំងក្រុមប្រដាប់អាវុធនៅតំបន់ព្រៃភ្នំ។

តាមបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភាគ៤ តំបន់មុខ នៅថ្ងៃទី១០ ខែកញ្ញា ក្រុមមន្ត្រីបានចុះពិនិត្យទីតាំងកើតហេតុ និងប្រមូលវត្ថុតាង ដោយបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់ទាំង២នាក់ គឺលោក អ៊ូសែង ម៉ាម៉ា អាយុ៤៦ឆ្នាំ និង អ៊ូសែង ជេមីង អាយុ៣៧ឆ្នាំ។ អាជ្ញាធរថៃអះអាងថា អ៊ូសែង ម៉ាម៉ា មានដីកាចាប់ខ្លួនចំនួន៦ពាក់ព័ន្ធនឹងករណីប៉ះទង្គិចប្រដាប់អាវុធ ការវាយប្រហារ និងបទល្មើសពាក់ព័ន្ធនឹងអាវុធ ខណៈអ៊ូសែង ជេមីង មានដីកាចាប់ខ្លួនចំនួន៣ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារ ដុតបំផ្លាញ និងការវាយប្រហារដោយគ្រាប់បែកនៅខេត្តណារ៉ាធីវ៉ាត់។ សរុបអ្នកស្លាប់ទាំង២នាក់មានដីកាចាប់ខ្លួនចំនួន៩។

ក្នុងប្រតិបត្តិការនេះ កងកម្លាំងថៃបានរឹបអូសកាំភ្លើងវែងចំនួន២ដើម រួមមានកាំភ្លើង M16 ចំនួន១ដើម និង AK-104 ចំនួន១ដើម ព្រមទាំងគ្រាប់បែកច្នៃប្រភេទគប់ចំនួន២គ្រាប់ និងសម្ភារៈសម្រាប់ស្នាក់នៅ និងរស់នៅក្នុងព្រៃមួយចំនួន។ វត្ថុតាងទាំងនេះនឹងត្រូវបញ្ជូនទៅធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវបន្ថែម ដើម្បីពិនិត្យរកទំនាក់ទំនងជាមួយហេតុការណ៍ហិង្សា និងបទល្មើសផ្សេងៗដែលអាចពាក់ព័ន្ធ។

បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភាគ៤ តំបន់មុខ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមនីតិវិធីច្បាប់ ហើយអាជ្ញាធរនឹងបន្តពិនិត្យវត្ថុតាង និងស្រាវជ្រាវពីបណ្តាញ ឬទំនាក់ទំនងរបស់ក្រុមប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ប្រភព៖ Reporters Thai

https://www.facebook.com/share/p/1C64DYLhQm/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ Reporters Thai
ប្រភព៖ Reporters Thai
ប្រភព៖ Reporters Thai
ប្រភព៖ Reporters Thai
ប្រភព៖ Reporters Thai
ប្រភព៖ Reporters Thai