National
អាមេរិកប្រកាសកញ្ចប់ថវិកាថ្មី ៣លានដុល្លារ សម្រាប់បោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ថវិកាថ្មីចំនួន ៣លានដុល្លារអាមេរិក សម្រាប់គាំទ្រការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា តាមរយៈភាពជាដៃគូរយៈពេល៣ឆ្នាំជាមួយអង្គការមិនរកប្រាក់ចំណេញ APOPO (អាប៉ូប៉ូ)។ គម្រោងនេះមានគោលដៅជួយឱ្យប្រជាជនកម្ពុជាទទួលបានដីដែលមានសុវត្ថិភាព សម្រាប់រស់នៅ និងប្រកបរបរកសិកម្ម។
ការប្រកាសនេះធ្វើឡើងក្នុងពេលស្ថានទូតអាមេរិកប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី Aleks Zittle (អាឡិច ស៊ីតល) ភារធារីស្ថានទូត បានរៀបចំពិធីបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកជំនាញសុខាភិបាល ថ្នាក់ដឹកនាំខេត្ត អ្នកអនុវត្តការងារបោសសម្អាតមីន និងដៃគូអាមេរិកផ្សេងទៀត។ កិច្ចពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខសុខភាព ការបោសសម្អាតមីន និងការគាំទ្រផ្នែកមនុស្សធម៌ដល់អ្នកដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។
តាមគម្រោងថ្មីនេះ ការងារបោសសម្អាតនឹងផ្តោតលើ គ្រាប់មីននៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រមទាំង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តមណ្ឌលគិរី។ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ការងារនេះនឹងជួយរំដោះដីឱ្យមានសុវត្ថិភាព និងអាចប្រើប្រាស់សម្រាប់កសិកម្ម ព្រមទាំងរួមចំណែកការពារសុវត្ថិភាព និងជីវភាពរបស់គ្រួសារកម្ពុជានាពេលអនាគត។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនមានមោទនភាពក្នុងការគាំទ្រកម្មវិធីដែលផ្តល់លទ្ធផលជាក់ស្តែងសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក។ ការងារបោសសម្អាតមីននេះមិនត្រឹមតែជួយកាត់បន្ថយការគំរាមកំហែងផ្នែកសុខភាព និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច អាជីវកម្ម និងការវិនិយោគរបស់អាមេរិកនៅកម្ពុជាផងដែរ៕
ប្រភព៖ U.S. Embassy Phnom Penh, Cambodia
https://www.facebook.com/share/p/1DYTPgw3NH/
របាយការណ៍៖ The Khmer Today


