National
កម្ពុជាស្នើដំណោះស្រាយ៣ជម្រើស អំឡុងពេលដំណើរការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ នៅសិង្ហបុរី

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលបំពេញតួនាទីជាភ្នាក់ងាររបស់កម្ពុជា បានបង្ហាញជំហររបស់កម្ពុជា នៅក្នុងសម័យប្រជុំបើកដំបូងរបស់គណៈកម្មការផ្សះផ្សារវាងកម្ពុជា និងថៃ ដែលរៀបចំឡើងក្រោមការឧបត្ថម្ភរបស់តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) នៅប្រទេសសិង្ហបុរី។ កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តដោះស្រាយវិវាទដែនសមុទ្រដែលមានអាយុកាលរាប់ទសវត្សរ៍ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។
កម្ពុជាបានលើកឡើងថា សន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសហគមន៍អាស៊ាន។ កម្ពុជាបានជ្រើសរើសដំណើរការផ្សះផ្សានេះ ដើម្បីស្តារការជឿទុកចិត្តគ្នា មិនមែនដើម្បីបង្កើនភាពតានតឹងនោះទេ ហើយសង្ឃឹមថា ថៃនឹងចូលរួមដោយស្មារតីស្ថាបនា និងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជាបានស្នើដំណោះស្រាយ៣ជម្រើស។ ទី១ កម្ពុជាត្រៀមចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការសម្របសម្រួលពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈទូលំទូលាយ។ ទី២ គឺចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួម ដើម្បីចែករំលែកធនធានដោយសមធម៌ ខណៈព្រំដែនដែនសមុទ្រចុងក្រោយមិនទាន់ត្រូវបានកំណត់។ ទី៣ ប្រសិនបើជម្រើសទាំងពីរមិនអាចសម្រេចបាន កម្ពុជាស្នើឱ្យគណៈកម្មការចេញរបាយការណ៍ដែលមានអនុសាសន៍ជូនភាគីទាំងពីរ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតក្រោម UNCLOS។
ភ្នាក់ងារកម្ពុជាបានសង្កត់ធ្ងន់លើការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងជំនឿរបស់កម្ពុជាលើស្ថាប័នអន្តរជាតិ។ លោកបានលើកឡើងពីបទពិសោធន៍របស់កម្ពុជាជាមួយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា បញ្ហាដែលមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិ អាចត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី និងពហុភាគី ជំនួសឱ្យការប្រើប្រាស់កម្លាំង។
កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សានឹងជួយឱ្យកម្ពុជា និងថៃ បើកទំព័រថ្មីក្នុងទំនាក់ទំនង ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ កម្ពុជាមានទំនុកចិត្តថា គណៈកម្មការដែលមានសមាជិកជាបុគ្គលឆ្នើម នឹងអាចជួយភាគីទាំងពីរឈានទៅរកលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់។
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ
https://www.facebook.com/share/p/1FNj5revsz/
រាយការណ៍ដោយ៖ The Khmer Today