National
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវរួមគ្នាថែរក្សាប្រាសាទកោះកេរ និងលើកស្ទួយទេសចរណ៍បេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦- ក្នុងឱកាសខួប៣ឆ្នាំ នៃការចុះបញ្ជី «បេតិកភណ្ឌបូជនីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ រួមគ្នាថែរក្សា ការពារ និងលើកស្ទួយតំបន់បេតិកភណ្ឌដ៏មានតម្លៃនេះ។
សម្ដេចធិបតីបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានភាពជាម្ចាស់ និងមានតួនាទីក្នុងការចូលរួមថែរក្សាសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបន្តសហការគ្នាក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់កោះកេរ ស្របតាមគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
សម្ដេចធិបតីក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ខួប៣ឆ្នាំ និងសក្តានុពលទេសចរណ៍របស់កោះកេរ ឱ្យបានទូលំទូលាយ ដើម្បីជំរុញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរ និងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌ។
ជាមួយគ្នានេះ សម្ដេចធិបតីបានលើកឡើងពីការភ្ជាប់សក្តានុពលទេសចរណ៍កោះកេរ ជាមួយតំបន់បេតិកភណ្ឌពិភពលោកផ្សេងទៀតរបស់កម្ពុជា ដូចជា សម្បត្តិបេតិកភណ្ឌអង្គរ ប្រាសាទព្រះវិហារ និងសំបូរព្រៃគុក ព្រមទាំងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌នានា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។
ប្រភព៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
https://www.facebook.com/share/p/1DXPEizSXu/
រាយការណ៍ដោយ៖ The Khmer Today


