International
ភ្លៀងខ្លាំងបង្កទឹកលិចផ្លូវជាច្រើនកន្លែងនៅហាណូយ ខណៈព្រះមហាក្សត្រថៃយាងដល់វៀតណាម

ភ្នំពេញ៖ ភ្លៀងធ្លាក់ខ្លាំងចាប់ពីល្ងាចថ្ងៃទី១៤ ដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានបង្កឱ្យផ្លូវជាច្រើនកន្លែងនៅទីក្រុងហាណូយ ប្រទេសវៀតណាម រងការជន់លិច និងបង្កការរាំងស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈព្រះមហាក្សត្រ មហាវិជ្ជរ៉ាឡុងកន និងព្រះមហាក្សត្រី សុធីដា កំពុងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
អាជ្ញាធរបង្ហូរទឹកទីក្រុងហាណូយ បានឱ្យដឹងថា ផ្លូវ Dam Quang Trung, Co Linh និង Vinh Hung ព្រមទាំងផ្លូវក្រោមដីមួយចំនួនតាមមហាវិថី Thang Long និងផ្នែកខ្លះនៃផ្លូវជាតិលេខ៦ ត្រូវបានទឹកជន់លិច។ នៅតំបន់មួយចំនួន កម្ពស់ទឹកបានឡើងដល់ប្រមាណ ២០–៤០ សង់ទីម៉ែត្រ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការលំបាក។
តំបន់ Yên Sở ទទួលបានទឹកភ្លៀងប្រមាណ ២៧០,៤ មីលីម៉ែត្រ ក្នុងរយៈពេលចាប់ពីម៉ោង១០យប់ ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ខណៈតំបន់មួយចំនួនទៀតមានទឹកភ្លៀងលើស ២០០ មីលីម៉ែត្រ។ ទឹកជំនន់បានធ្វើឱ្យយានយន្តមួយចំនួនជាប់គាំង និងបង្កការកកស្ទះចរាចរណ៍អូសបន្លាយជាច្រើនគីឡូម៉ែត្រ។ នៅជើងស្ពាន Vĩnh Tuy អ្នកបើកបរមួយចំនួនត្រូវចុះរុញយានយន្តឆ្លងកាត់ទឹកដែលមានកម្ពស់ដល់ជង្គង់។
ភ្លៀងខ្លាំងនេះបានកើតឡើងស្របពេលព្រះមហាក្សត្រ និងព្រះមហាក្សត្រីថៃ បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។ នៅថ្ងៃទី១៥ ខែកញ្ញា អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡាំ បានរៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះព្រះមហាក្សត្រ និងព្រះមហាក្សត្រីថៃ នៅទីក្រុងហាណូយ។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលព្រះមហាក្សត្រ និងព្រះមហាក្សត្រីថៃយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ខណៈអាជ្ញាធរហាណូយបានបន្តបូម និងបង្ហូរទឹក ព្រមទាំងសម្រួលចរាចរណ៍នៅតំបន់រងផលប៉ះពាល់។
ប្រភព៖ Asean Speech
https://web.facebook.com/share/p/1M7Z56bBMp/
https://www.vietnam.vn/en/nghe-an-mua-lon-khien-quoc-lo-48-ngap-sau-gan-1m-nhieu-khu-vuc-bi-chia-cat
រាយការណ៍ដោយ៖ The Khmer Today


