National
«របត់ក្នុងរបត់»៖ លោក ឡាំ ឡាយ លើកឡើងពីចំណុចគួរតាមដាន ក្រោយកម្ពុជា-ថៃបង្ហាញជំហរមុខ UNCLOS

ភ្នំពេញ៖ លោក ឡាំ ឡាយ ជាអ្នកនិពន្ធ និងជាអ្នកតាមដានព្រឹត្តិការណ៍ព្រំដែន បានបញ្ចេញទស្សនរបស់លោកពាក់ព័ន្ធនឹងស្ថានការណ៍ក្រោយកម្ពុជា និងថៃបង្ហាញជំហររៀងៗខ្លួន នៅចំពោះមុខគណៈកម្មការផ្សះផ្សា ស្តីពីការកំណត់ព្រំដែនសមុទ្រ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) អាចមានការវិវត្តជាបន្តបន្ទាប់ ដែលលោកហៅថា «របត់ក្នុងរបត់»។ តាមការលើកឡើងរបស់លោក ក្នុងអត្ថបទបង្ហោះតាមបណ្ដាញសង្គមផ្ទាល់ខ្លួន លោកបានលើកយកចំណុចសំខាន់ៗចំនួន៤ ដែលគួរបន្តតាមដាន រួមមាន ជំហររបស់ភាគីទាំងពីរមុខ UNCLOS បញ្ហាព្រំដែនសមុទ្រ ការទូតអន្តរជាតិ និងការយល់ដឹងរបស់សាធារណជនខ្មែរ។
ទី១៖ ជំហររបស់កម្ពុជា និងថៃមុខ UNCLOS។ លោក ឡាំ ឡាយ បានចាប់អារម្មណ៍លើសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារកម្ពុជា ដែលលោកយល់ថា បានសង្កត់ធ្ងន់លើប្រវត្តិសាស្ត្រ អធិបតេយ្យភាព និងការដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់អន្តរជាតិ។ ចំណែករដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានបញ្ជាក់ពីជំហររបស់ថៃក្នុងការគោរពច្បាប់អន្តរជាតិ និងលើកឡើងថា ដំណើរការ UNCLOS គួរផ្តោតលើការកំណត់ព្រំដែនសមុទ្រ ដោយមិនពាក់ព័ន្ធនឹងបញ្ហាកោះគូត និងបញ្ហាព្រំដែនគោក។
ទី២៖ បញ្ហាព្រំដែនសមុទ្រ និងដំណើរការអន្តរជាតិ។ លោក ឡាំ ឡាយ យល់ថា បញ្ហាព្រំដែនសមុទ្រ ដែលបានចូលទៅក្នុងដំណើរការផ្សះផ្សាក្រោម UNCLOS នឹងត្រូវដំណើរការតាមនីតិវិធី និងពេលវេលារបស់យន្តការអន្តរជាតិ។ លោកកត់សម្គាល់ថា ភាគីកម្ពុជាបានបង្ហាញទិសដៅនៃការដោះស្រាយ ខណៈភាគីថៃនៅតែបង្ហាញការមិនយល់ស្របលើចំណុចមួយចំនួន ដូច្នេះលទ្ធផល និងការវិវត្តន៍បន្ទាប់ គឺជាចំណុចដែលគួរបន្តតាមដាន។
ទី៣៖ ការទូត និងការពង្រឹងទំនាក់ទំនងអន្តរជាតិ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទូតរបស់កម្ពុជា ជាមួយដៃគូអន្តរជាតិ ដើម្បីបន្តបង្ហាញអង្គហេតុ ឯកសារ និងផលប៉ះពាល់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ លោកក៏លើកឡើងថា កម្ពុជាគួរបន្តប្រុងប្រយ័ត្ន និងពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈស្ថានការណ៍តាមព្រំដែន និងទំនាក់ទំនងកម្ពុជា-ថៃ នៅតែជាបញ្ហាដែលត្រូវការការតាមដានជាបន្តបន្ទាប់។
ទី៤៖ ការយល់ដឹងរបស់សាធារណជន និងការមើលបញ្ហារយៈពេលវែង។ លោក ឡាំ ឡាយ បានអំពាវនាវឱ្យយុវជន និងសាធារណជនខ្មែរ យកចិត្តទុកដាក់លើបញ្ហាជាតិ អធិបតេយ្យភាព និងការវិវត្តន៍នៃស្ថានការណ៍ក្នុងរយៈពេលវែង ជាជាងផ្តោតតែលើបញ្ហារយៈពេលខ្លី។ លោកចាត់ទុកសាមគ្គីភាព ការពង្រឹងសមត្ថភាព និងការផ្លាស់ប្តូរផ្នត់គំនិត ជាកត្តាសំខាន់សម្រាប់ការពារផលប្រយោជន៍ជាតិ ខណៈលោកស្នើឱ្យបន្តតាមដានការវិវត្តន៍ថ្មីៗពីដំណើរការ UNCLOS និងទំនាក់ទំនងកម្ពុជា-ថៃ។
ប្រភព៖ ទំព័រផ្លូវការរបស់លោក ឡាំ ឡាយ (Lam Lay)
https://www.facebook.com/share/p/18KfXPWEBu/
រាយការណ៍ដោយ៖ The Khmer Today


