National

September 17, 2026 at 9:53 AM
Melea_Sovannary

AOT-KH ចុះផ្ទៀងផ្ទាត់ស្ថានភាពនៅបឹងត្រកួន ខណៈកម្ពុជាស្នើឱ្យ JBC ចាប់ផ្តើមវាស់វែងព្រំដែនឱ្យបានឆាប់រហ័ស

AOT-KH ចុះផ្ទៀងផ្ទាត់ស្ថានភាពនៅបឹងត្រកួន ខណៈកម្ពុជាស្នើឱ្យ JBC ចាប់ផ្តើមវាស់វែងព្រំដែនឱ្យបានឆាប់រហ័ស

ភ្នំពេញ៖ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦- ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ត្រូវបានសម្របសម្រួលដោយក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា និងមានវត្តមាន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន។

តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែន ព្រមទាំងសកម្មភាពកងកម្លាំងថៃបានដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ និងធ្វើលេណដ្ឋាន នៅតំបន់បឹងត្រកួន។

ក្រសួងក៏បានលើកឡើងពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន។

ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ការចុះសង្កេតការណ៍ ពិនិត្យ និងផ្ទៀងផ្ទាត់ដោយផ្ទាល់របស់ AOT-KH បានបង្ហាញពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់រហ័ស។ កម្ពុជាបានយោងទៅលើចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចាត់ទុកការងារខណ្ឌសីមាថាជាមូលដ្ឋានសម្រាប់បង្កលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងគ្មានការរារាំង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ជំហរបន្តការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធនានា រួមមានគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទី MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗដែលភាគីទាំងពីរបានឯកភាព។ កម្ពុជាប្ដេជ្ញាអនុវត្តសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្តារស្ថានភាពប្រក្រតីឡើងវិញ។

ប្រភព៖ ក្រសួងការពារជាតិ

https://www.facebook.com/share/p/18Ko5uAqJU/

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី៖ ក្រសួងការពារជាតិ
រូបភាពពី៖ ក្រសួងការពារជាតិ
រូបភាពពី៖ ក្រសួងការពារជាតិ
រូបភាពពី៖ ក្រសួងការពារជាតិ
រូបភាពពី៖ ក្រសួងការពារជាតិ
រូបភាពពី៖ ក្រសួងការពារជាតិ