National
កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំលើកទី២ នៅឡាអេ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ស្តីពីវិវាទដែនសមុទ្រ

ភ្នំពេញ៖ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦- កម្ពុជា និងថៃ នឹងបន្តដំណើរការកិច្ចប្រជុំជាមួយគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅកិច្ចប្រជុំលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីបន្តពិភាក្សាពាក់ព័ន្ធនឹងវិវាទដែនសមុទ្ររវាងប្រទេសទាំងពីរ។
ការបញ្ជាក់នេះធ្វើឡើងដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃនៅប្រទេសសិង្ហបុរី ដែលបានបញ្ចប់កាលពីថ្ងៃទី១៦ ខែកញ្ញា។ ឯកឧត្តមបានឱ្យដឹងថា កិច្ចប្រជុំលើកទី១ បានផ្តោតជាចម្បងលើនីតិវិធី លក្ខខណ្ឌការងារ និងទម្រង់ការងាររបស់គណៈកម្មការ ដោយកម្ពុជា និងថៃបានពិភាក្សា នឹងឯកភាពលើលក្ខខណ្ឌការងារ ព្រមទាំងបានចុះហត្ថលេខាលើឯកសារនេះ។
ក្នុងកិច្ចប្រជុំនៅសិង្ហបុរី កម្ពុជា និងថៃក៏បានបង្ហាញគោលបំណង និងជំហររៀងៗខ្លួនពាក់ព័ន្ធនឹងវិវាទដែនសមុទ្រ ក្នុងជំនួបជាមួយគណៈកម្មការទាំងក្នុងកិច្ចប្រជុំរួម និងកិច្ចប្រជុំបិទទ្វារ។ តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន ក្នុងជំនួបដាច់ដោយឡែករយៈពេល៣ម៉ោង ក្រុមការងារកម្ពុជា និងក្រុមមេធាវីបរទេសបានបង្ហាញប្រវត្តិនៃវិវាទ ទឡ្ហីករណ៍ ជំហរ និងគោលដៅរបស់កម្ពុជា ព្រមទាំងឆ្លើយតបនឹងសំណួររបស់គណៈកម្មការ ខណៈខ្លឹមសារនៃកិច្ចប្រជុំបិទទ្វារត្រូវរក្សាជាការសម្ងាត់។
នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា កម្ពុជា ថៃ និងគណៈកម្មការបានពិភាក្សាបន្តអំពីទម្រង់ និងកម្មវិធីសម្រាប់កិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ។ កិច្ចប្រជុំនេះមានរយៈពេល៤ថ្ងៃកន្លះ ហើយជាជំហានបន្ទាប់ក្នុងដំណើរការផ្សះផ្សាក្រោមក្របខណ្ឌ UNCLOS ខណៈភាគីទាំងពីរនឹងបន្តការពិភាក្សាតាមនីតិវិធី និងកម្មវិធីការងារដែលបានឯកភាពគ្នា។
ប្រភព៖ ក្រសួងព័ត៌មាន
https://www.information.gov.kh/articles/202211
រាយការណ៍ដោយ៖ The Khmer Today


