International
ជនឆបោកតាមអនឡាញ ១៥នាក់ ត្រូវប៉ូលិសថៃចាប់ខ្លួន ក្រោយយកវីឡាធ្វើជាទីតាំងឆបោកជនជាតិជប៉ុន

ភ្នំពេញ៖ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចុះឆែកឆេរវីឡាប្រណីតមួយកន្លែង នៅតំបន់បាងបន់ ទីក្រុងបាងកក កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ និងបានបង្ក្រាបទីតាំងដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានរបស់ក្រុមឆបោកតាមអនឡាញ។ ប្រតិបត្តិការនេះបានឃាត់ខ្លួនមនុស្សសរុប១៥នាក់ ក្នុងនោះមានជនជាតិថៃ១នាក់ និងជនបរទេស១៤នាក់ ដែលត្រូវបានសង្ស័យថាជាសមាជិកក្រុមប្រតិបត្តិការរបស់បណ្តាញឆបោក។
តាមការស៊ើបអង្កេតបឋម ក្រុមនេះបានផ្តោតគោលដៅលើ ជនជាតិជប៉ុន ដោយប្រើវិធីទូរស័ព្ទទៅជនរងគ្រោះ និងអះអាងថា មានកញ្ចប់បញ្ញើពាក់ព័ន្ធនឹងបទល្មើស បន្ទាប់មកបន្លំខ្លួនជាមន្ត្រីប៉ូលិស ដោយប្រាប់ថា ជនរងគ្រោះមានប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យ ឬពាក់ព័ន្ធនឹងបទល្មើស។ បន្ទាប់ពីធ្វើឱ្យជនរងគ្រោះជឿ ក្រុមនេះបានបញ្ចុះបញ្ចូលឱ្យផ្ទេរប្រាក់ទៅឱ្យពួកគេ ដោយអះអាងថា ដើម្បីយកទៅត្រួតពិនិត្យ។
ក្នុងការឆែកឆេរ សមត្ថកិច្ចបានរកឃើញបន្ទប់ធ្វើការដែលប្រើសម្រាប់ទូរស័ព្ទទៅជនរងគ្រោះ និងមានស្គ្រីបជាភាសាជប៉ុនសម្រាប់ប្រើក្នុងការឆបោក ព្រមទាំងឯកសណ្ឋានប៉ូលិស និងនិមិត្តសញ្ញាប៉ូលិសជប៉ុនក្លែងក្លាយជាច្រើន។ សមត្ថកិច្ចក៏បានរឹបអូសកុំព្យូទ័រ ទូរស័ព្ទដៃ និងវត្ថុតាងមួយចំនួនទៀត ខណៈកំពុងបន្តស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់ចំពោះអ្នកពាក់ព័ន្ធ។
ប្រភព៖ Matichon
https://www.matichon.co.th/local/crime/news_5892444
រាយការណ៍ដោយ៖ The Khmer Today


