National
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពកងកម្លាំងថៃឈូសឆាយ និងជីកប្រឡាយក្បែរបង្គោលព្រំដែនលេខ៩ នៅឧត្តរមានជ័យ

ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយក្បែរបង្គោលព្រំដែនលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពនេះថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
កម្ពុជាបានបញ្ជាក់ថា សកម្មភាពខាងលើមិនស្របតាមការកំណត់ និងខណ្ឌសីមាព្រំដែនដែលមានមូលដ្ឋានលើផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលកម្ពុជា-ថៃបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ កម្ពុជាក៏បានរំលឹកដល់សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តការងារវាស់វែង និងបោះបង្គោលព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្ត និងសម្រួលដល់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ កម្ពុជាបញ្ជាក់ជាថ្មីថា ខ្លួនមិនទទួលស្គាល់ការទាមទារទឹកដីជាឯកតោភាគីណាមួយរបស់ថៃឡើយ ហើយនៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ
https://www.facebook.com/share/p/14nvggEBcpJ/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


